បន្ទាប់ពីតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចចេញសាលដីការំលាយ “គណបក្សសង្គោះជាតិ” ដែលជាគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះមក អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់មេដឹកនាំកម្ពុជាមួយចំនួន ទៅក្នុងបញ្ជីខ្មៅ ដើម្បីឲ្យទទួលទណ្ឌកម្ម ដូចជាការហាមឃាត់ មិនឲ្យចេញចូលទឹកដីអាមេរិក ហើយអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិថែមទៀត ។

លោក សម រង្ស៊ី បានថ្លែងបែបនេះ គឺធ្វើឡើង បន្ទាប់ពីតុលាការកំពូល បានសម្រេចរំលាយ គណ​បក្ស​សង្គ្រោះជាតិ និងបញ្ជាឲ្យផ្អាកសកម្មភាពនយោយបាយរបស់មន្រ្ដីជាន់ខ្ពស់របស់គណបក្សនេះចំនួន​១១៨​នាក់ រយៈពេល៥ឆ្នាំ។

លោក សម រង្ស៊ី បានសរសេរ​ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ ថា ថ្ងៃទី១៦ ខែវិច្ឆិកា គឺជាថ្ងៃរដ្ឋអំណាច នៅប្រទេសកម្ពុជា បានប្រកាសរំលាយ គណបក្សសង្គ្រោះជាតិ ដោយមានការប្រតិកម្មយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក ទាំងពីរដ្ឋាភិបាល និងសភា ។

លោក សម រង្ស៊ី បញ្ជាក់ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តញត្តិមួយ ស្តីពីប្រទេសកម្ពុជា នៅក្នុងនោះសមាជិកព្រឹទ្ធសភា បានស្នើជាឯកច្ឆន្ទទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់មេដឹកនាំ នៃប្រទេសកម្ពុជាមួយចំនួន ចូលទៅក្នុងបញ្ជីខ្មៅ ដើម្បីឲ្យទទួលទណ្ឌកម្ម ដូចជាការហាមឃាត់ មិនឲ្យចេញចូល លើទឹកដីសហរដ្ឋអាមេរិក ហើយអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិបន្ថែទៀត។

លោក សម រង្ស៊ី ដែលកំពុងនិរទេស នៅក្រៅប្រទេសនោះ បានបន្ថែមថា ការិយាល័យរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងទម្ងន់ មកលើសេចក្តីសម្រេច រំលាយគណបក្សសង្គ្រោះជាតិ និងបាមព្រមានថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ជាក់ស្តែង ក្នុងវិស័យសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទង្វើមិនគប្បីរបស់អាជ្ញាធរកម្ពុជា។

លោក សម រង្ស៊ី បានបន្តថា ជំហានទី១ គឺសហរដ្ឋអាមេរិក សម្រេចបញ្ឈប់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយប្រកាសថា ការបោះឆ្នោតឆ្នាំ ២០១៨ នឹងមិនមានលក្ខណៈសេរី យុត្តិធម៌ និងស្របច្បាប់នោះឡើយ។

ដោយឡែក សហគមន៍អឺរ៉ុប បានប្រកាសថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា ត្រូវតែអនុញ្ញាតឲ្យគណបក្សសង្ក្រោះជាតិ ដំណើរការឡើងវិញ ដើម្បីធ្វើឲ្យការបោះឆ្នោតឆ្នាំ ២០១៨ មានភាពស្របច្បាប់ ហើយអាចទទួលយកបាន។ បើមិនយ៉ាងដូច្នេះទេ សហគមន៍អឺរ៉ុប មិនអាចបន្តផ្តល់ទីផ្សារ ឲ្យទំនិញដែលនាំចេញពីប្រទេសកម្ពុជា បានទេ។

ដោយឡែក អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ស្នើ​ទៅ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ដើម្បី​សុំ​បង្កក​ការ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល ​ចេញ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្ញើជូន​ទៅ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ដោយ​តុលាការ​កំពូល ហើយបញ្ជី​បេក្ខជន និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ទាំងអស់​ នៃ​គណបក្ស​នេះ ​លែង​មាន​សុពលភាព និង​លែង​មានគុណ​សម្បត្តិ​តទៅ​ទៀត​ហើយ ។ ​ហេតុនេះ​ក្រសួងមហាផ្ទៃ សូម​ស្នើ​បង្កក​ការ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ​៕