ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានឲ្យដឹងថា រដ្ឋបាលសាលារាជធានីភ្នំពេញ គ្រោងនឹង​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ​ប្រគេនព្រះសង្ឃ​ ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ​គម្រប់​ខូ​ប​៧​ឆ្នាំ (២២ វិច្ឆិកា ២០១០ – ២២ វិច្ឆិកា ២០១៧) នៅក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ ឆ្លង​ទៅ​កាន់ទីក្រុង​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១០ ដែលជា​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។

ព្រះសង្ឃនិមន្តទៅបង្សុកូល ក្រោយពេលមានឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់ កាលពី៧ឆ្នាំមុន

យោង​តាម​សេចក្ដីជូនដំណឹង​ដដែលនេះ បាន​បន្ត​ថា រដ្ឋបាល​រាជធានី នឹង​​ប្រារព្ធ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រប្រគេន​ព្រះសង្ឃ​ចំនួន​១០៨​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ។ សេចក្តីជូនដំណឹង​នេះ ទុកដូចជាការ​អំពាវនាវដល់ពុទ្ធបរិស័ទ បងប្អូនប្រជារាស្រ្ដទាំងអស់ ជាពិសេសសាច់ញាតិ និង​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ មេត្តា​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។

ទិដ្ឋភាព នៃការរត់ជាន់គ្នាស្លាប់ កាលពី​យប់ ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា ពិធី​រំឭក​វិញ្ញាណក្ខន្ធនេះ នឹង​ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​របស់ជន​រង​គ្រោះ ស្ថិត​នៅ​ជាប់នឹង​ស្ពាន​នាគ ​ទីក្រុង​កោះ​ពេជ្រ ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត ​កាលពី​៧​ឆ្នាំ​មុន។ ក្នុងពិធីនេះដែរ ក៏មានការ​ចូលរួម​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ស្រី លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​ សាច់ញាតិ​ក្រុម​គ្រួសា​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ។

សូមបញ្ជាក់ថា កាលពី​យប់ ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជាថ្ងៃទី៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​ជាង​៤០០​នាក់​ផ្សេងទៀតរងរបួស៕