សិល្បៈ៖ បើគិតមកត្រឹមថ្ងៃនេះ អតីតតារាចម្រៀងសាច់សខ្ចីអ្នកនាង សាន ស្រីឡៃ បានលាចាកពីលោកនេះអស់រយៈពេលមួយខែហើយ ប៉ុន្ដែសាច់ញាតិបងប្អូន នៅតែសម្ដែងការនឹកអាឡោះអាល័យចំពោះរូបនេះ តាមរយៈការបង្ហោះសារ ក៏ដូចជារូបថតលើគណនីហ្វេសប៊ុកញឹកញាប់មែនទែន ។

ជាក់ស្ដែង ខណៈចូលដល់ខួបមួយខែនៃការស្លាប់របស់អតីតតារាចម្រៀងអ្នកនាង សាន ស្រីឡៃ ក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលនៅតែមានវត្តមានក្នុងបណ្ដាញសង្គម ដដែលនោះ បានរំលេចចេញនូវសារសោកសង្រេងជាពន់ពេក និង ពោរពេញទៅដោយសារឈឺចាប់ខ្លោចផ្សារចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ពួកគេ ។

ក្នុងទំព័រហ្វេសប៊ុក សាន ស្រីឡៃ ដែលមានប្អូនៗរបស់នាងជាអ្នកលេងបន្ត បានទម្លាយសារឈឺចាប់ នឹករឭកដល់អតីតតារាស្រីដួងនេះនៅក្នុងថ្ងៃគម្រប់មួយខែនៃការស្លាប់ថា «ឈឺអើយសែនឈឺ ធ្វើម្តេចបងឮ
រឿងឈឺក្នុងចិត្ត ពេលបងចាកចេញ ប្អូនសែនទោម្នេញ ចិត្តប្អូនទន្ទេញ តែពាក្យសោកស្តាយ។ បើសិនបងនៅ ម្ល៉េះប្អូនស្រីពៅ ក៏មិននឿយកាយ បងស្រីរ៉ាប់រង ឱ្យប្អូនសប្បាយ ក្តីទុក្ខឃ្លាតឆ្ងាយ ចេញពីកាយា។ ប្អូនសូមបន់ផ្សង សូមឱ្យរូបបង​ ជាតិក្រោយថ្លៃថ្លា កុំដូចជាតិនេះ ស្គាល់តែទុក្ខា ជួបតែសុខា ជានិច្ចនិរន្តន៍» ។

គួររំឭកផងដែរថា អតីតតារាចម្រៀងរូបស្រស់ សាន ស្រីឡៃ ត្រូវខ្មាន់កាំភ្លើងដែលជាអតីតស្វាមីបាញ់សម្លាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅ ពោលគឺ បើគិតមកទល់ថ្ងៃនេះ អតីតតារាស្រីខាងលើ ស្លាប់បានរយៈពេលមួយខែត្រឹម ៕
Cake KBN