ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី​១៦ វិច្ឆិកា​ ​តុលា​ការ​កំពូល បានលើកយកសំណុំរឿងបណ្ដឹង “រំលាយគណបក្សសង្គ្រោះជាតិ” ដែលបានប្ដឹងដោយក្រសួងមហាផ្ទៃ មកបើសវនការ តាមការគ្រោងទុក ហើយនៅពេលនេះដែរ អ្នកសារព័ត៌មានមក​ពី​គ្រប់​ស្ថាប័ន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ កំពុង​ស្ថិត​នៅ​មុខ​តុលាការ​កំពូល​ ដើម្បី​​រង់ចាំ​ស្តាប់​លទ្ធផល នៃ​សវនាកា​រលើ​​សំណុំរឿង ​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ​ នេះ​ ។

ក្រុមអ្នកសារព័ត៌មាន និងអង្គការសិទ្ធិមនុស្ស រង់ចាំស្ដាប់លទ្ធផលសវនការរបស់តុលាការកំពូល

នៅក្នុងពេល តុ​លា​ការ​កំពូល​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​» នេះ នៅ​វេលា​ម៉ោង០៧ និង​៥០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៦ វិច្ឆិកា ​នេះ គេឃើញ​មាន​មេធាវី​ចំនួន​៥​នាក់ តំណាង​ឱ្យ​ក្រសួង​មហាផ្ទៃ បាន​ចូល​ទៅ​ស្តាប់​សវន​ការនេះ។ ដោយឡែក ​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​វត្តមាន នៅក្នុងសវនាការនោះឡើយ។

ស្របពេល តុលាការកំពូលបានយកសំណុំរឿងបណ្ដឹង”រំលាយគណបក្សសង្គ្រោះជាតិ” នោះ អាជ្ញាធរ​បានដាក់ពង្រាយនូវកងកម្លាំងប្រដាប់អាវុធជាច្រើន​ នៅតាមគោលដៅសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស នៅជុំវិញតុលការកំពូល ដែលជាកន្លែងបើកសវនការជំនុំជម្រះក្ដីនោះតែម្ដង គឺក្នុងគោលបំណង​ការពារ និងរារាំងនូវការធ្វើបាតុកម្មណាមួយពីសំណាក់អ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ។

នៅពេលមានការដាកពង្រាយកងកម្លាំងប្រដាប់អាវុធបែបនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋ​មួយ​ចំនួន​ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​សម្តែងនូវ​ការ​ភ័យ​ខ្លាច ​និងព្រួយ​បារម្ភ​អំ​ពី​ស្ថានការណ៍​នយោបាយ ​នៅ​ក្នុង​ប្រទេសកម្ពុជាផងដែរ។ ​ការ​បើក​សវនាការ​របស់​តុលាការ​កំពូល​លើ​សំណុំរឿង​ដ៍​កក្រើក​ រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សប្រឆាំង​ដ៏ធំ និងមាន​ប្រជាប្រិយភាពបំផុតរបស់ប្រទេសកម្ពុជានោះ ​រាជរដ្ឋាភិបាល ​ក៏បានត្រៀម​កម្លាំងសមកិច្ចរួចរាល់អស់​ហើយ ​ដើម្បី​បង្ការ ​និង​បង្ក្រាបនូវ​ការ​តវ៉ា​ណាមួយ​ប្រឆាំង​នឹង​សាលដីកា​របស់តុលាការ​កំពូល​ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ។

ប្រជាពលរដ្ឋ​ខ្លះ​ បាន​ណែនាំ​កូនចៅ​មិន​ឲ្យ​ចេញពីផ្ទះ ឬកុំ​​ទៅ​កាន់​កន្លែង​ទីប្រជុំជន ពីព្រោះតែពួកគាត់មានការ​បារម្ភ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ រវាង​កងកម្លាំង​សមត្ថកិច្ច​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង នៅ​ក្រោយពេល​តុលាការ​កំពូល​ សម្រេច​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ។

បើតាមប្រភពព័ត៌មានពីមន្ត្រីរាជការមួយចំនួន បានឲ្យដឹងថា នៅ​តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​ស្ថាប័ន​ បាន​ណែនាំ ឬបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​បង្ហាញមុខ​ នៅតាម​អង្គភាព​នី​មួយ​ៗ នា​ព្រឹក ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្របពេល​តុលាការ​កំពូល​កំពុងបើក​សវនាការ​លើ​សំណុំរឿង​ “រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ” ដើម្បី​បញ្ចៀស​នូវសកម្មភាព​ណាមួយ​របស់​មន្ត្រីរាជការ​ ដែល​អាច​នឹង​មាន​ចូលរួម​ជាមួយនឹងក្រុមតវ៉ា​គាំទ្រ​គណបក្សប្រឆាំង ឬដើម្បី​ឲ្យ​ប្រធាន​ស្ថាប័ន​នោះ​កត់​សម្គាល់ថា ​មន្ត្រីរាជការ​ណាខ្លះ​ ជា​សមាជិក​របស់គណបក្សប្រឆាំង។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តុលាការកំពូល នឹងសម្រេចលើសំណុំរឿងដ៏ចម្រូងចម្រាសនេះ យ៉ាងណានោះទេ ហើយទាំងក្រុមអ្នកសារព័័ត៌មាន និងអង្គការសិទ្ធិមនុស្សកំពុងទន្ទឹងរង់ចាំការសម្រេច​របស់តុលាការ ថាតើតុលាការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ ឬក៏មិនរំលាយ?

ស្របពេលរាជរដ្ឋាភិបាលប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នោះ ក៏បានធ្វើឲ្យបណ្ដាប្រទេសលោកខាងជាតិច្រើន ជាពិសេសសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះចំណាត់ការនេះ ហើយថែមទាំងគំរាម​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៀតផង។ ថ្វីបើមានការគំរាមកំហែងបែបនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា​ ហាក់បីដូច​ជាមិនសូវអើពើប៉ុន្មានឡើយ។

អាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចការពារ

ដោយឡែក អ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺ​រ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ ប្រទេសកម្ពុជានឹងខាតបង់ច្រើន ហើយប្រជាពលរដ្ឋក៏នឹងប្រឈមមុខ​នឹងជីវភាពផងដែរ ជាពិសេសការអត់ការងារធ្វើ ប្រសិនបើក្រុមហ៊ុនមួយចំនួនដែលបានកូដតាពីសហរដ្ឋអាមេរិក ដកចេញពីកម្ពុជា៕