រដ្ឋធានីបាកដាដ(BAGHDAD)៖ បើយោងតាមប្រភពព័ត៌មាន នៃបណ្ដាយផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ម្សិល​មិញ​ នេះ មាន
ការរញ្ជួយដីដ៏ធំមួយ មានទំហំ ៧,៣ រិចទ័រ បានវាយប្រហារទៅលើខេត្ត Sulaimaniyah នាភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ និង​ខេត្ត Kermanshah នៃប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សអស់ជាច្រើននាក់។

អភិបាលរងខេត្ត Kermanshah នៃប្រទេេសអ៊ីរ៉ង់ បានឲ្យដឹងថា ការរញ្ជួយដីនៅតាមព្រំប្រទល់ រវាងខេត្តSulaimaniyah នៃប្រទេសអ៊ីរ៉ាក់ និងខេត្ត Kermanshah នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់332 នាក់ស្លាប់ និង១៧០០នាក់ផ្សេងទៀត បានរងរបួស ហើយនៅយប់ថ្ងៃដដែលនោះ ក្រុងអ្នកជួយសង្រ្គោះបានព្យាយាម​រុុករកជនរងគ្រោះ នៅក្នុងគំនរបាក់បែកទាំងនោះ។

បើយោងតាមគេហទំព័រ Rudaw របស់ជនជាតិឃឺដ បានឲ្យដឹងថា ការរញ្ជួយដីនេះ បានកើតឡើង នៅចម្ងាយប្រហែលជា៣២គីឡូម៉ែត្រ នាភាគនិរតី នៃតំបន់ហាឡាបចា នៅជិតព្រំដែន រវាងប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅក្នុងជម្រៅ៣៣,៩ គីឡូម៉ែត្រ( នេះបើយោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS )។ ការរញ្ជួយដីនេះ បានកើតឡើង នៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ីរ៉ាក់ រួមមាន ភាគខាងជើង និងកណ្តាល ព្រមទាំងទីក្រុងបាកដាដផងដែរ។

យោងតាមរបាយការណ៍ពីមន្រ្ដីរដ្ឋាភិបាល នៃប្រទេសនេះ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស332នាក់ បានសម្លាប់ និង2500 នាក់ផ្សេងទៀតរងរបួស។ ក្រៅពីនេះ វាក៏បានធ្វើឲ្យ​ខូចខាតដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បន្ថែមពីលើការបាក់ដី នៅលើភ្នំមួយជាប់នឹងទំនប់ដាដាប៊ីនខននោះទៀតផង។ រីឯការស្លាប់ និងរបួសនេះ គឺឺភាគច្រើនបានកើតឡើង នៅក្នុងទីក្រុង Darbandikhan ចម្ងាយប្រហែល៣៥ គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃទីក្រុង Sulaimaniyah។


លោក Nasih Mala Hassan ចៅហ្វាយក្រុង Darbandikhan នៃប្រទេសអ៊ីរ៉ាក់ បានថ្លែងថា ការស្លាប់ និងរបួស នៅក្នុងទីក្រុង Darbandikhan អាចកើនឡើង ខណៈដែលផ្ទះមួយចំនួនបានដួលរលំ​ហើយវាមិនទាន់ច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវកប់ក្រោមកម្ទេចកម្ទី នៃផ្ទះបាក់បែកទាំងនោះទេ៕