លោក Abdel Fattah al-Sisi ប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប បានថ្លែង នៅក្នុងបទសម្ភាន៍មួយជាមួយនឹងទូរទស្សន៍ CNBC ថា លោកនឹងមិនឈរឈ្មោះ នៅក្នុងអាណត្តិទី៣​ទៀតឡើយ ដោយលោកបានបន្ថែមថា លោកមិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ និងមិនកែប្រែការកំណត់អាណត្តិរបស់ប្រធានាធិបតី ត្រឹមពីរអាណត្តិនោះទេ។

លោកប្រធានាធិបតី បានប្រាប់ស្ថានីយទូរទស្សន៍ CNBC នៅចុងសប្តាហ៍នេះ បន្តទៀតថា “វាមិនសមរម្យសម្រាប់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី ដើម្បីស្នាក់នៅមួយថ្ងៃទៀត ប្រឆាំងនឹងឆន្ទៈរបស់ជនជាតិអេហ្ស៊ីបនោះទេ”។ យើងនឹងមិនជ្រៀតជ្រែកលើរដ្ឋធម្មនុញ្ញ នោះទេ … ខ្ញុំនៅតែរក្សាអាណត្តិប្រធានាធិបតី រយៈពេលបួនឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី មិនបានបញ្ជាក់ថា តើលោកមានគោលបំណងនឹងបន្តដំណើរការអាណត្តិទី២របស់លោក នៅពេលអាណត្តិរបស់លោកជិតផុតកំណត់នោះក្ដី។ លោក​ប្រធានាធិបតី ស៊ីស៊ី បានឡើងកាន់អំណាច នៅក្នុងឆ្នាំ២០១៤ គឺមួយឆ្នាំ បន្ទាប់ពីលោកបានដឹកនាំក្រុមយោធា បណ្តេញប្រធានាធិបតីជាប់ឆ្នោត អ៊ិស្លាមនិយម លោក Mohamed Mursi ចេញពីអំណាច។ ក្រុមសិទ្ធិមនុស្ស បាននិយាយថា ស៊ីស៊ីបានដឹកនាំនូវការបង្ក្រាប មិនធ្លាប់មានពីមុនមក ទៅលើគូប្រជែងនយោបាយ ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើនទៀត។

លោកប្រធានាធិបតី ទំនងជាមិនត្រូវប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លានោះទេ ហើយប្រជាជនអេហ្ស៊ីប បានមើលឃើញថា លោកជាមនុស្សដ៏មានសារៈសំខាន់ ក្នុងការថែរក្សានូវស្ថិរភាព នៅក្នុងប្រទេស បន្ទាប់ពីមានភាពចលាចលផ្នែកសេដ្ឋកិច្ ចវាយប្រហារមកលើប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១១នោះមក។

មេធាវីសិទ្ធិមនុស្ស និងជាមេដឹកនាំបក្សប្រឆាំង នៃប្រទេសអេហ្ស៊ីប លោក Khaled Ali កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ម្សិលមិញ បានក្លាយជាមនុស្សទីមួយ ដែលប្រកាសថា លោកកំពុងប្រឆាំងនឹងស៊ីស៊ី ដោយប្តេជ្ញាថា នឹងប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០១៨ ប្រសិនបើរូបលោកមិនត្រូវបានរារាំង ក្នុងការប្រកួតប្រជែងប្រធានាធិបតីទេនោះ។

លោក Khaled Ali វ័យ៤៥ឆ្នាំ ទទួលបានប្រជាប្រិយភាព នៅក្នុងខែមករា កន្លងទៅ ខណៈពេលលោកឈ្នះលើសំណុំរឿងមួយ ប្រឆាំងនឹងការផ្ទេរកោះពីរ ពីសមុទ្រក្រហម ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនាំឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ៕