ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ថ្វីបើខ្លួននៅក្មេងខ្ចី តែព្រេងនិស្ស័យបានប្តីមនុស្សចាស់ រៀបការបាន ១០ឆ្នាំរងកម្ម ស្គាល់តែទឹកភ្នែក ហូរជ្រែកថ្ពាល់សឹងរាល់ថ្ងៃដោយសារភ្លើងប្រចណ្ឌរបស់លោកប្តី ចោទភាគីខាងស្រី មានសាហាយ មានប្រុស មិនចេះអស់ មិនចេះស្វាង ចាត់ទុកប្រពន្ធដូចបាវសាក់ទៅហើយ លើកចុងក្រោយដោយអត់ទ្រាំលែងបាននូវទង្វើរហិង្សារ គ្មានហេតុផល លោកប្តីចិត្តភ្លើង បង្កជម្លោះឈ្លោះវាយប្រពន្ធ កាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្នាក់នៅបន្ទប់ជួលតាមផ្លូវបេតុង ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ផ្អើលអស់ញាតិជិតខាង សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំភាគីទាំង ២នាក់ ទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលិស ។

ភាគីខាងប្តី មានឈ្មោះ កែវ វិសាល អាយុ ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ សុខ វណ្ណាទី អាយុ ២៨ឆ្នាំ មុខរបរ រត់តុនៅហាង ។ គ្រួសារខាងលើមានកូនចំនួន ២នាក់ប្រុសម្នាក់ ស្រី ម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ បានឱ្យដឹងថា ខ្លួនពេញ ក្រមុំធំពេញវ័យ ឪពុកម្តាយ ឱ្យមានប្តី ប៉ះចំបុរសចំណាស់ពោះម៉ាយ រៀបការ និងគ្នាតាំងពីឆ្នាំ ២០០៧មកម្ល៉េះ រហូតមកដល់ពេលនេះ ១០កន្លងផុតទៅហើយ បន្សល់ទុកកូនប្រុស ស្រីចំនួន ២នាក់ ជាចំណងស្នេហ៍ ។

ស្រ្តីខាងលើបន្តទៀត ដោយស្ថានភាពជីវភាពក្រក្សត់ ហើយដើម្បីសម្រួលជីវភាពគ្រួសារផងនោះ ទោះជាការងាររត់តុគុយទាវ ក៏សុខចិត្តដែរ ចំណែកប្តីរត់ម៉ូតូឌុប ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះលោកប្តី បែជាយកភ្លើងប្រចណ្ឌដាក់ខ្លួន គិតមិនបានដិតដល់ ស្តាប់តាមការញុះញ៉ង់ របស់អ្នកជិតខាង យករឿងពាក្យគេលេងសើច មកប្រកាន់ធ្វើមែនទែន ទើបកើតជាហិង្សាក្នុងគ្រួសារ មិនស្វាង ។

ស្រ្តីដដែលបន្តទៀតថា ប្តីរត់ម៉ូតូឌុប មិនដែលឱ្យលុយប្រពន្ធ ទុកមើលថែកូន ហូបចុកឡើយ ហើយកាលពីយប់ថ្ងៃទី២១ តែតុលា ឆ្នាំ២០១៧កន្លងមកនេះ ប្តីវាយធ្វើបាប ដោយចោទប្រកាន់ថាខ្លួនលួចមានសាហាយទៅវិញ បណ្តេញចេញពីផ្ទះម្តងរួចហើយ អស់រយៈពេល ១សប្តាហ៍ ទើបទៅសុំ ហៅមករួមរស់គ្នាវិញ រហូតមកដល់ យប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កើតរឿងសារជាថ្មី លោកប្តីស្តាប់ការលេងសើច របស់គេ ខឹងទៅរកនៅហាង មិនឃើញ ដោយគ្រាន់តែគេថា ប្រពន្ធទៅមានប្រុស បែជាប្រកាន់ដាក់ខ្លួន កើតរឿងមែនទែន ចូលដល់ផ្ទះ ប្រើហឹង្សា វាយ ទាត់ធាក់ ចោទថា ទៅដេកជាមួយប្រុស បានលុយ ២០០ដុល្លារទៅវិញ ។

ស្រ្តីអភ័ព្វ រៀបរាប់បណ្តើរហូរទឹកភ្នែកបណ្តើរថា ប្តីអើយលោកប្តី ត្រចៀកសយ៉ាងនេះ លុយរកបានមក គ្មានឱ្យប្រពន្ធមួយរៀល ទុកឱ្យប្រពន្ធ ទទួលរាប់រងជាទម្ងន់ ក្នុងគ្រួសារ សព្វគ្រប់បែបយ៉ាង ពឹងលើប្រាក់ខែ ត្រដាបត្រដួស ឈានដល់ជម្ពាក់លុយគេ ៤០០ដុល្លារទៀត ប្តីក៏មិនទទួលរួមដោះស្រាយ មិនតែប៉ុណ្ណោះ បង្ករករឿង ប្រច័ណ្ឌមិនស្វាង ទាំងដែលប្រពន្ធមិនដែលបាន ស្គាល់ក្រេម ម្សៅ នឹងគេឡើយ ។

ចំណែកភាគីខាងប្តី ទោះប្រពន្ធនិយាយបកស្រាយ បំភ្លឺយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តពោពេញទៅដោយភ្លើងប្រច័ណ្ឌ ។ ក្នុងការសម្របសម្រួលគ្នានៅប៉ុស្តិ៍ប៉ូលិស គ្រាន់តែធ្វើកិច្ចសន្យា រវាងភាគីទាំង២ ពុំមានអំពើហិង្សាណាមួយកើតឡើងតែប៉ុណ្ណោះ ចំពោះរឿងលែងលះគ្នា រង់ចាំទៅជួបជាមួយមន្ត្រី សង្កាត់ ដើម្បីរកដំណោះស្រាយវិញ ៕