រាជធានីភ្នំពេញ៖ ​ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ ដ៏ធំបំផុតនៅកម្ពុជា នឹងរៀបចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តី ដ៏ធំអស្ចារ្យមិនធ្លាប់មាន នៅក្រុង​សៀមរាម ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីនេះមានការចូលរួម សហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូល ចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយ បានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។

កម្មវិធី​ប្រគំតន្រ្តី Smart Mega Concert នឹងមាន​ការ​ចូលរួម​សម្ដែង​ ដោយ​​តារាអន្តរជាតិល្បីឈ្មោះ ដូចជាលោក Alek Teeradetch  ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក នីកូ លោក ណា ខុន លោក Step អ្នកនាង សួស វីហ្សា ​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ​លាង សុផាឡែន លោក ខាន់ ជែម​ ជាពិសេស​​​​ក៏មានវត្តមាន ​តារា​ចម្រៀងរបស់​ខ្មែរ​​​ ដែល​​គេស្គាល់ថា​​ ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​ Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និងក្រុមតន្រ្តី SWSB ( Small world Small Band ) ​​និងឌីជេ Maily តារាចម្រៀងរ៉ែប និងឌីជេ លោក ប្រុសឡា ​​​​និងក្រុមតារាកំប្លែង កាតុ និងក្រុមតារាកំប្លែងជើងចាស់​ លោក ចាប ចៀន ដែលនឹងធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចជាក់ជាពុំខាន។

កម្មវិធីប្រគំ​តន្ត្រី​ Smart Mega Concert នឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណមាត់ស្ទឹង ក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
កម្មវិធីដ៏ពិសេស​នេះ ក៏នឹង​​​​​ផ្សាយ​​​បន្ត​ផ្ទាល់ ​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ PNN ​ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ផងដែរ។

ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើនកុះករ និងជួបជាមួយនឹងតារា ក្នុងដួងចិត្តរបស់លោកអ្នក!!!