ខេត្តតាកែវ​៖​ ជនទំនើង២នាក់ទាញកាំបិតកាប់គូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ កាលពីវេលា​ម៉ោង​១​ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្ទះ​គ្មាន​ម្ចាស់រស់នៅ​ ស្ថិត​ក្នុងភូមិ​ដំណាក់​រវៀង​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់។​

លោក​វរសេនីយ៍ទោ​ ឌុ​ក​ ធី​យា​ អធិការ​នគរបាល​ស្រុក​ត្រាំកក់​ បាន​ឲ្យ​ដឹង​ថា ជនសង័្សយ​ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សានោះ ទី១-ឈ្មោះ​ មុំ​ បេ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​(ត្រូវសមត្ថកិច្ចឃាត់ខ្លួ) និង​ទី​២-​ឈ្មោះ​ សុខ​ ភេទ​ប្រុស​ រស់នៅ​ផ្ទះ​ជួល​ ក្នុងភូមិជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ(រត់គេចខ្លួនបាត់)។ រីឯ​ជន​រង​គ្រោះ ​ឈ្មោះ​ ងិ​ន​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍​ ឃុំ​ជាងទង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។

លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្តថា កាលពីពេលកន្លងមក ជនបង្កទាំង២នាក់ធ្លាប់មានទំនាស់គ្នាជាមួយនឹងជនរងគ្រោះ ទើបធ្វើឲ្យពួកគេមានគំនុំដក់នូវក្នុងចិត្ត។ លុះមកដល់ថ្ងៃកើតហេតុ រវាងជនបង្ក និងជនរងគ្រោះ ក៏មានទំនាស់ពាក្យសម្ដីនឹងគ្នា ទើបធ្វើឲ្យពួកគេទាំង២នាក់ផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ក៏ស្ទុះទៅទាញកាំបិតកាប់ប្រហារទៅលើ​ជនរងគ្រោះ បណ្ដាលឲ្យរងធ្ងន់ត្រង់​ក្បាល​ និង​កញ្ចឹងក​ពីក្រោយ​ជា​ច្រើន​កាំបិត​។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ដោយឡែកជនបង្កក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានម្នាក់(ឈ្មោះ មុំ បេ) រួចនាំមកកាន់អធិការដ្ឋាន​នគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ហើយបន្តតាមចាប់ខ្លួនបក្ខពួករបស់គេម្នាក់ទៀតដែលកំពុងរត់គេចខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់៕