ខេត្ត​ព្រះ​សីហ​នុ​៖ រថយន្តធុនធំដឹកស្ករសមួយគ្រឿង បានបើកយ៉ាងលឿន ស្រាប់តែរេចង្កូតខុសផ្លូវក្រឡាប់ផ្ងារជើង កាលពីវេលា​ម៉ោង​៦ និង៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៣​ ត្រង់ចន្លោះ​គីឡូម៉ែត្រ២០០-២០១ ស្ថិត​ក្នុងភូមិ​បឹង​វែង​ ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត​ធុន​ធំ​ដឹក​ស្ករស​១​គ្រឿង ​ម៉ាក​ HYUNDAI​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-3410​ បើកបោះពួយយ៉ាង​លឿន តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​កាន់ខេត្តកំពត។ លុះពេលរថយន្តបើកមកដល់​ចំណុច​ខាងលើ​ ទំនងជាអ្នកបើកបរ​ងងុយដេក​ ហើយងោកមួយ​ភាំង ធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង។ ប៉ុន្តែសំណាងល្អ នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់។



ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ តែដោយសារករណីនេះមិនបង្កឲ្យប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ទាក់ទងរកមធ្យោបាយមកស្ទួចយករថយន្ត​ដែលក្រឡាប់នោះទៅជួសជុលដោយខ្លួនឯង៕