ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តសាមុទ្រសាខន បានរាយការណ៍មកថា មានករណីអំពើឃាតកម្ម និងអត្តឃាតដ៏សាហាវមួយ បានកើតឡើង ស្ថិតនៅក្នុងឃុំឃោមខាម ទីរួមខេត្តសមុទ្រសាខន ។ ហើយពេលដែលប៉ូលិសទៅដល់ បានប្រទះឃើញសាកសព ចំនួន៤នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម នៅលើផ្ទះមួយខ្នង ចំណែកឯក្មេងស្រីម្នាក់ អាយុ៣ឆ្នាំ បានរងរបួសត្រង់ភ្លៅ ហើយបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

បើតាមប៉ូលិសបានឲ្យដឹងថា សាកសពដែលគេប្រទះឃើញ ទាំង៤នាក់នោះ ទី១ ឈ្មោះ យើម នុចប្រសើត អាយុ៦៧ឆ្នាំ (ឪពុក), ទី២ឈ្មោះ សុំផន នុចប្រសើត អាយុ៦០ឆ្នាំ (ម្តាយ), ទី៣ឈ្មោះ វលីរ័ត នុចប្រសើត អាយុ៣៣ឆ្នាំ ត្រូវជាកូនស្រី និងជាប្រពន្ធរបស់ជនល្មើស ចំណែកឯជនល្មើសជាប្តី បានបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កាខាងស្តាំ។

បើតាមការបញ្ជាក់ពី លោកស្នងការស្រុកខាងលើ បានប្រាប់ឲ្យដឹងថា ជនល្មើសបានចូលទៅបាញ់ ឪពុកម្តាយក្មេក ទាំង២នាក់មុនគេ រួចហើយបានដើរចូល ទៅបាញ់ប្រពន្ធខ្លួនឯងជាក្រោយ រួចហើយបានយកកាំភ្លើងបាញ់សៀតផ្កាខ្លួនឯង ដើម្បីបញ្ចប់ជីវិតតែម្តង ។

តាមប្រភពព័ត៌មានពីអ្នកជិតខាង បានប្រាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុ ប្តីប្រពន្ធពួកគេទាំង២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង អស់រយៈពេល១ខែមកហើយ ហើយមុនពេលកើតហេតុ ជនល្មើសបានធ្វើដំណើរ មកផ្ទះប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ នៅឯផ្ទះខាងប្រពន្ធ តែខាងប្រពន្ធ និងគ្រួសារមិនយល់ព្រម ត្រូវរ៉ូវគ្នាវិញឡើយ ធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំង ក៏បានទាញកាំភ្លើង មកបាញ់ឪពុកម្តាយក្មេក ដែលអង្គុយនៅក្នុងផ្ទះនោះ ស្លាប់ភ្លាមៗ បន្ទាប់មកក៏បានបាញ់ប្រពន្ធ មុនពេលបាញ់សម្លាប់ខ្លួនឯង ដោយបន្សល់កូនស្រីអាយុ៣ឆ្នាំម្នាក់ កំព្រាឪពុកម្តាយ ហើយកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕