នៅខែកក្តិក ប្រជាជនខ្មែរយើង តែងតែបានកម្សាន្តសប្បាយជាមួយពិធីបុណ្យជាច្រើន ដែលក្នុងនោះ រួមមានពិធីបុណ្យធំៗចំនួន ៣គឺ ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលគេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យទាំងនេះគេប្រារព្ធធ្វើទន្លេចតុមុខ មានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយនៅពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ ។ រីឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ ។

ខាងក្រោមនេះ គឺជាប្រវត្តិខ្លះៗ ទាក់ទងនឹងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលកូនខ្មែរគ្រប់រូបគួរតែយល់ដឹង ៖

ពិធី​បុណ្យ​អុំ​ទូក​ជាការប្រារព្ធ ពិធីបុណ្យប្រណាំងទូក ដែលធ្វើឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសកម្ពុជា ពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជា គឺជាពិធីបុណ្យមួយ ដែលកម្ពុជាបានប្រារព្ធនៅក្នុងខែវិច្ឆិកា តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ មកម្ល៉េះ ដើម្បី​រំឮក ​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) ។

ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។ ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន ​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។

នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក ​ត្រួត​ត្រា​ប្រទេស​កម្ពុជា ​​អស់​រយៈពេល​ប្រមាណ​ ៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែមទៀតផង ។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។

ក្នុង​ពិធី​នេះអុំទូកនេះទៀតសោត ក៏មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី ​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​ គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។

ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រំឮក ​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ ​បាន​លះបង់​អាយុ​សង្ខារ ​ក្នុង​ការ​បំពេញ​បារមីទាន​ ដល់​ឥន្ទ្រព្រាហ្មណ៍​ ។ ក្នុងកាលនោះ ​ឥន្ទ្រព្រាហ្មណ៍ ​ព្រះ​អង្គ​បាន​និយាយ​ថា «ជីវិត​ខ្ញុំ ​នឹង​ក្ស័យ​ជា​មិន​ខាន ​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ» ។ ពេល​នោះ ​ទន្សាយ​ពោធិសត្វ ​បាន​ពោល​ថា «ខ្ញុំ​មាន​តែ​សាច់ និង​ឈាម ​ត្រូវ​ការ​ឱ្យ​ជា​ទាន បើ​អ្នក​ចង់​បាន ​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង ​​ឱ្យ​បាន​ជា​អាហារ​បរិភោគ» ។

ឥន្ទ្រព្រាហ្មណ៍​ គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ ចំណែក​ឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ ក៏​ហោះ​ទៅ​ទ្រ​ មិន​ឱ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវមនោសិលា​ គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប ​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចាប់តាំងពីពេលនោះមក អ្នកស្រុក ​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឮក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើជារៀងរាល់ឆ្នាំ ៕
អត្ថបទដកស្រង់៖ សហការី KBN