អេស្ប៉ាញៈ មេដឹកនាំទាមទារឯករាជ្យឲ្យតំបន់Cataloniaពីប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ម្សិលមិញនេះ បានគំរាមប្រកាសឯករាជ្យយ៉ាងជាក់លាក់ ប្រសិនបើរដ្ឋាភិបាលកណ្តាល មិនបានចរចា។ ការគំរាមនេះ ធ្វើឲ្យអេស្ប៉ាញបានកោះប្រជុំគណៈរដ្ឋមន្ត្រីពិសេសរបស់ខ្លួនមួយ ដើម្បីចាត់វិធានការ ក្នុងការគ្រប់គ្រងអំណាចពាក់កណ្តាលស្វយ័ត នៅរដ្ឋ Cataloniaរ។

លោក Carles Puigdemont ប្រធានាកាតាឡូនៀ (Catalonia) បានសរសេរព្រមាន នៅក្នុងលិខិតមួយ ផ្ញើទៅកាន់លោក ម៉ារីយ៉ាណូ រ៉ាជូយ (Mariano Rajoy) នាយករដ្ឋមន្រ្តី នៃប្រទេសអេស្ប៉ាញ នៅមុនពេលផុតកំណត់ ក្នុងរយៈពេលកំណត់របស់រដ្ឋាភិបាលកណ្តាល ដើម្បីឱ្យលោកនាយករដ្ឋមន្រ្ដីយល់ព្រម តាមការអំពាវនាវសុំឱ្យបំបែករដ្ឋនោះ។

លិខិតរបស់លោក Puigdemont បានសរសេរថា ប្រសិនបើរដ្ឋាភិបាល នៅតែបន្តរារាំងនូវការពិភាក្សា និងបន្តគាបសង្កត់របស់ខ្លួន សភារបស់Catalonia នឹងបន្ត … ជាមួយនឹងការបោះឆ្នោតប្រជាមតិ ដើម្បីប្រកាសឯករាជភាពជាផ្លូវការ។

រដ្ឋាភិបាលអេស្ប៉ាញ បានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួននឹងបើកសម័យប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ នៅថ្ងៃសៅរ៍ ដែលក្នុងនោះនឹងជំរុញដំណើរការ ដើម្បីធ្វើវិសោធនកម្មមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសអេស្ប៉ាញ។ ការធ្វើវិសោធនកម្មនេះ អនុញ្ញាតឱ្យអាជ្ញាធរកណ្តាល ទទួលយកអំណាចពាក់កណ្ដាលស្វយ័ត នៃតំបន់ណាមួយ នៃតំបន់ទាំង១៧របស់ប្រទេសអេស្ប៉ាញ ក្នុងនោះរួមមានទាំងតំបន់ Catalonia ផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្តថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនឹងអនុម័តលើសេចក្ដីព្រៀងច្បាប់ដែលនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីការពារផលប្រយោជន៍ទូទៅរបស់ប្រទេសអេស្ប៉ាញ។ វិធានការនេះមិនត្រូវបានប្រើប្រាស់ ក្នុងរយៈពេលបួនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីលទ្ធិប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញ នៅចុងបញ្ចប់ នៃរបបផ្តាច់ការរបស់លោក​ហ្វ្រង់ស៊ីស្កូ ហ្វ្រង់ស័រ(Francisco Franco)។

នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលក្រុងម៉ាឌ្រីដមានបំណងចង់ស្តារនីតិរដ្ឋឡើងវិញ។ រីឯក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនឹងត្រូវរៀបចំឡើង ក្នុងពេលឆាប់ៗ ដើម្បីការពារផលប្រយោជន៍ទូទៅរបស់អេស្ប៉ាញ និងជាពិសេសប្រជាពលរដ្ឋ នៅតំបន់កាតាឡូនៀ (Catalonia)ទាំងអស់ ។

រដ្ឋាភិបាលអេស្ប៉ាញត្រូវការបង្ហាញពីអ្វីដែលជាវិធានការជាក់លាក់សម្រាប់តំបន់ Catalonia ហើយបញ្ជូនសេចក្ដីព្រៀងច្បាប់នោះទៅព្រឹទ្ធសភារបស់អេស្ប៉ាញ ដើម្បីអនុម័ត។ ភាគច្រើន នៃគណបក្សប្រជាជនកាន់អំណាច នៅក្នុងសភាជាន់ខ្ពស់នឹងមានសំឡេងគ្រប់គ្រាន់ ដើម្បីអនុម័តវិធានការនេះ ប៉ុន្តែលោក Rajoy បានពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំង ក្នុងការប្រមូលផ្តុំនូវការគាំទ្របន្ថែមទៀត។

ក្រុម Cataloia នឹងពិចារណាលើការអនុវត្តវិធានការនេះ ថាតើវាជាការបំពានរបស់រដ្ឋបាលក្នុងតំបន់នេះឬយ៉ាងណា? ខណៈ​​ដែលអាជ្ញាធរកណ្តាលអេស្ប៉ាញ បានចាត់ទុកថា វាជាទង្វើដែលមិនអាចទទួលយកបាន ប៉ុន្តែវាជាការចាំបាច់មួយ ដើម្បីស្ដារនីត្យានុកូលភាពឡើងវិញ ក្រោយពីរដ្ឋបាលរបស់លោក Puigdemont បានច្រាន មុខនឹងមានការធ្វើប្រជាមតិដែលត្រូវ​ហាមឃាត់ ព្រោះវារំលោភបំពានលើរដ្ឋធម្មនុញ្ញរបស់ប្រទេសអេស្ប៉ាញ។

អ្នកបោះឆ្នោតមានចំនួន៥,៥លាននាក់ ក្នុងចំណោះអ្នកមានសិទ្ធិបោះឆ្នោតជាង២០ភាគរយ នៅ Catalonia បានបោះឆ្នោត នៅក្នុងការធ្វើប្រជាមតិ ដោយខុសច្បាប់ កាលពីថ្ងៃទី១ ខែតុលា កន្លងទៅនោះ ខណៈដែលប៉ូលិសប្រើអំពើហិង្សា ដើម្បីព្យា​យាម​​អនុវត្តដីការបស់តុលាការ ក្នុងការបញ្ឈប់នូវការទាមទារឯករាជ្យនេះ។ ចំណែកពួកអ្នកប្រឆាំងបានធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតនោះ។

ក្រុមមន្ត្រី នៃតំបន់Catalonia និយាយថា មនុស្សរាប់រយនាក់បានរងរបួស នៅក្នុងអំពើហិង្សារបស់ប៉ូលិស ស្របពេលដែលក្រុមអាជ្ញាធរ នៃប្រទេសអេស្ប៉ាញនិយាយថា មន្រ្តីប៉ូលិសរាប់រយនាក់ ក៏រងរបួសពីការប្រើកម្លាំង ដែលកើតចេញពីការតស៊ូរបស់ក្រុមបំបែករដ្ឋ។

ក្រុមបំបែកខ្លួនបានប្រកាសពីជ័យជម្នះដ៏លើសលប់របស់ខ្លួន ទោះបីជាមានការធ្វើពហិការ ដោយក្រុមប្រឆាំង បានលើកហេតុផលថា វាខុសច្បាប់ ហើយខ្វះការធានាជាមូលដ្ឋាន ដូចជាក្រុមប្រឹក្សាបោះឆ្នោតឯករាជ្យជាដើម។

រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមានឆន្ទៈក្នុងការការអនុវត្តមាត្រាទី១៥៥ ប្រសិនបើមេដឹកនាំបំបែករដ្ឋ Catalonia​ទាមទារនូវការបោះឆ្នោតក្នុងតំបន់។ ដោយឡែកមន្ត្រី នៃតំបន់Catalonia បានសម្រេចចិត្តថា ខ្លួននឹងចេញពីការ​គ្រប់គ្រងរបស់ប្រទេសអេស្ប៉ាញ។

លោក Raul Romeva សមាជិកក្រុមការងារកិច្ចការបរទេសរបស់រដ្ឋបាល នៃតំបន់Catalonia បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃពុធ ទី១៨ ខែតុលា ថា ការធ្វើប្រជាមតិដោយឡែកដែលបានហាមឃាត់នៅ Catalonia បានផ្តល់ឱ្យរដ្ឋាភិបាលបំបែករដ្ឋនូវអាណត្តិមួយ ដើម្បីប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ៕