ប៉េកាំង៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានថ្លែងសុន្ទរកថា នៅក្នុងការចាប់ផ្តើមសមាជបក្សកុម្មុយនិស្ត​ នៅថ្ងៃពុធ ទី១៨ ខែតុលា នេះថា យុទ្ធនាការរបស់ប្រទេសចិន ប្រឆាំងនឹងអំពើពុករលួយ គឺមានសន្ទុះដ៏ខ្លាំងក្លាបំផុត។

លោកស៊ី បានធ្វើការប្រយុទ្ធប្រឆាំងឥតឈប់ឈរ ប្រឆាំងនឹងអំពើពុករលួយដែលបានចាក់ឫសគល់យ៉ាងខ្លាំង ចាប់តាំងពីលោកបានឡើងកាន់អំណាចអស់រយៈពេល៥ឆ្នាំ ហើយមន្ត្រីជាងមួយលាននាក់ បានដាក់ទណ្ឌកម្ម និងអតីតមន្រ្តីជាន់ខ្ពស់រាប់សិបនាក់ក៏កំពុងតែជាប់ នៅក្នុងពន្ធនាគារផងដែរ។

ក្រៅអំពីប្រឆាំងនឹងអំពីពុករលួយនោះ លោកប្រធានាធិបតីចិន ក៏បានថ្លែងទាក់ទិននឹងបញ្ហាសន្តិសុខជាតិ នៅក្នុងពិធី​បើកសន្និបាតបក្សកុម្មុយនីស្តដ៏សំខាន់របស់ចិនថា ប្រទេសចិននឹងការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ហើយប្រឆាំងដាច់ខាត​ ចំពោះអាកប្បកិរិយាណាមួយដែលព្យាយាមបំបែកប្រទេស។

លោកប្រធានាធិបតីចិន បានបន្តថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្ដមួយដែលត្រូវតែបង្ក្រាប ដោយកម្លាំងយោធា បើសិនមានការចាំបាច់ ហើយថា ក្រុមបំបែកខ្លួនដែលកំពុងព្យាយាមបំបែកតំបន់ភាគខាងលិចទីបេ និងស៊ីងជាំង ជាប្រទេសដទៃ៕