សេអ៊ូល កូរ៉េខាងត្បូង៖ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) អតីតបេក្ខនារីប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង​ នៅថ្ងៃពុធ ទី១៨ ខែតុលានេះ ថាការគំរាមកំហែងដោយកម្លាំងយោធា ដើម្បីចាប់ផ្តើមសង្គ្រាម នៅលើឧបទ្វីបកូរ៉េ គឺប្រឈម​មុខនឹងបញ្ហាគ្រោះថ្នាក់ខ្លាំងណាស់​ ដែលយើងមិនអាចប៉ាន់ស្មានបាន។

លោកស្រីគ្លីនតុនបានថ្លែងបែបនេះ នៅក្នុងវេទិកាមួយ នៅក្នុងរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា
លោកស្រីមិនបានបញ្ជាក់ថា មានការចាំបាច់ ដើម្បីឱ្យអាមេរិកវាយលុកទៅលើប្រទេសកូរ៉េខាងជើងនោះទេ ប៉ុន្តែលោកស្រិបានសង្កត់ធ្ងន់​តែលើការចាំបាច់ ក្នុងការដាក់សម្ពាធកាន់តែខ្លាំងទៅលើកូរ៉េខាងជើង និងការទូត ដើម្បីជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង វិលចូលមករកតុចរចា។

ការតានតឹង រវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសកុម្មុយនីស្ដដ៏រឹង​រូស​មួយនេះបានធ្វើតេស្តអាវុធមហាប្រល័យលោករបស់ខ្លួន ជាបន្តបន្ទាប់ និងការផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់ រវាងប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានបន្តថា សម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីការព្រួយបារម្របស់ពួកគេកាន់តែខ្លាំងឡើង ចំពោះភាពជឿជាក់របស់សហរដ្ឋអាមេរិក៕