ថៃ៖ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ប៉ូលិសខេត្ត ឡាំប៉ាង ប្រទេសថៃ បានទទួលសេចក្ដីរាយការមួយថា ជនសង្ស័យម្នាក់ បានព្យាយាមចាប់រំលោភលោកយាយអាយុ ៩៥ឆ្នាំម្នាក់ ដែលកំពុងរស់នៅក្នុងផ្ទះរបស់គាត់ស្ថិតនៅទីរួមខេត្ត ឡាំប៉ាង តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋក្បែរខាងទៅជួយទាន់ពេល ។

បន្ទាប់ពីបានទទួលសេចក្ដីរាយការនេះហើយ ក្រុមសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយបានឃើញលោកយាយរងគ្រោះ ស្ថិតក្នុងសភាពភ័យញ័រ ហើយលើរាងកាយរបស់គាត់ មានរងរបួសថែមទៀតផង ។

ដោយឡែកជនល្មើសត្រូវបានគេដឹងថា មានអាយុ ៦៤ឆ្នាំ រស់នៅក្នុងស្រុកភូមិជាមួយគ្នា ក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន និងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីសួរចម្លើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យ ស្ទើរតែស្លាប់ខ្លួន ដោយសារកំហឹងរបស់ប្រជាពលរដ្ឋ តែសំណាងល្អ ត្រូវបានសមត្ថកិច្ចឃាត់ទាន់ពេលវេលា ។

តាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ លោកយាយរងគ្រោះនៅផ្ទះតែម្នាក់ឯង ស្រាប់តែពួកគាត់ (សាក្សី) បានឮសម្រែកលោកយាយ «ឈឺណាស! យកវាចេញទៅ…ជួយផងៗ…» ។ គ្រាន់តែឮដូចនេះ ប្រជាពលរដ្ឋជិតខាង ក៏បាននាំគ្នាទៅផ្ទះលោកយាយរងគ្រោះ ស្រាប់តែឃើញជនសង្ស័យកំពុងរកផ្លូវគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋទាំងនោះ ចាប់ខ្លួនបាន ។

ដោយសារលោកយាយរងគ្រោះ មានរបួសលើរាងកាយ ទើបសមត្ថកិច្ច បាននាំលោកយាយទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែកជនល្មើស ត្រូវបានសមត្ថកិច្ចធ្វើសំណុំរឿងដើម្បីកាត់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ khaosod