ប្រទេសរុស្ស៊ី៖ ក្នុងដំណើរទៅបំពេញ ទស្សនកិច្ចរបស់ខ្លួន នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនោះ អនុប្រធានសភាកូរ៉េខាងជើង បានថ្លែងថា ប្រទេសកូរ៉េខាងជើង​​ កំពុងស្វែងរក​ការរស់នៅក្នុងសន្តិភាព ហើយ​ប្រទេសមួយនេះ បានត្រៀម​ខ្លួនរួចជាស្រេច ដើម្បីកម្ទេចគ្រប់​សត្រូវទាំងអស់ ​ដែលចង់រារាំង​ខ្លួន “មិនឱ្យយើងទៅដល់​” គោលដៅ​របស់ខ្លួន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី (Sputnik) នារសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។

លោក អាន ដុងជន (An Dong-chun) អនុប្រធាន​សភាកូរ៉េខាងជើង នៅក្នុងឱកាស បំពេញ​ដំណើរទស្សន​កិច្ច​ នៅក្នុងអំឡុងចូលរួម កិច្ចប្រជុំ​សហភាព​អន្តរសភា (​UIP)​ ដែល​ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា នាទីក្រុងសេនត៍ ភីធើស្បឺក (Saint-Petersbourg) ប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងលទ្ធភាព ​នៃកិច្ចចរចា​ដោយផ្ទាល់ រវាងទីក្រុ​ងវ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាងថា «ប្រទេស​របស់យើង ​ប្រាថ្នាចង់​បានអនាគត រស់នៅប្រកបដោយ​សន្តិភាព ហើយដើម្បី​ទទួលបាន​សន្តិភាព យើងបានត្រៀម​ខ្លួនរួចជាស្រេច​ កម្ទេចគ្រប់សត្រូវ​ទាំងអស់ ដែលរារាំង​ផ្លូវរបស់យើង ឆ្ពោះ​ទៅកាន់អនាគត​មួយនេះ»។


ទោះជាយ៉ាងណា លោក An Dong-chun បានបដិសេធ​មិនឆ្លើយ រាល់​សំណួររបស់​អ្នកសារព័ត៌មាន ទាក់ទិននឹង​នយោបាយ ហើយលោក​មិនបានបញ្ជាក់ថា សត្រូវមួយណា ឬផ្លូវសន្តិភាព​នោះ​ជាអ្វីឱ្យប្រាកដ​ដែរ តែគេដឹងថា លោកទំនង​ជាចង់និយាយ​ សំដៅ​លើសហរដ្ឋអាមេរិក និង​អាវុធនុយក្លេអ៊ែរ ដែលលោក គីម ជុនអ៊ុន ធ្លាប់អះអាងថា ជាវិធានការ​ការពារសន្តិភាព និងស្ថិរភាព​ នៅក្នុងឧបទ្វីកូរ៉េ៕