ភ្នំពេញ ថ្ងៃទី28 កញ្ញា 2017៖ ចាប់ពីថ្ងៃនេះទៅ ប្រជាជនកម្ពុជា គ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួន នឹងទទួលបានសេវាដឹកជញ្ជូនធ្វើដំណើរតម្លៃសមរម្យ មានទំនុកចិត្ត និងសុវត្ថិភាព ក៏ដូចជាមធ្យោបាយថ្មីងាយស្រួលក្នុងការរកប្រាក់ចំណូលបន្ថែម ដោយសារ Uber បង្ហាញវត្តមានរបស់ខ្លួនក្នុងរាជធានីភ្នំពេញហើយ។

លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber បានមានប្រសាសន៍ថា “យើងខ្ញុំពិតជារំភើបរីករាយក្រៃលែងក្នុងការសម្ពោធដំណើរការបច្ចេកវិទ្យា ridesharing នៅកម្ពុជា ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ជាសក្ខីភាពបង្ហាញពីកម្លាំងចលកររបស់យើងដែលកំពុងរីកចម្រើនជោគជ័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងពិតជាមិនអាចសម្រេចជោគជ័យនេះបានទេ បើគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិបាលកម្ពុជា” Uber សូមសម្ដែងនូវអំណរសាទរដែលកម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបមួយចំនួនដែលឆ្លើយតបនឹងតម្រូវការក្នុងតំបន់អាស៊ី ជាក់ស្តែងកម្ពុជា ជាប្រទេសដំបូងគេបង្អស់នៅអាស៊ីដែលចាប់ផ្ដើមអនុវត្តការងារឲ្យប្រើប្រាស់បច្ចេកវិទ្យា ridesharing មុនពេលសេវាកម្ម ridesharing របស់ក្រុមហ៊ុនUber សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ទាំងនេះជាការរួមចំណែកដល់វិស័យសេដ្ឋកិច្ច ជាមួយសក្ដានុពលឈានមុខគេក្នុងចំណោមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ដែលអាចឆ្លើយតបទៅនឹងបច្ចេកវិទ្យា និងឱកាសថ្មីៗ។

ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានមានប្រសាសន៍ផងដែរថា “ក្រសួងសាធារណការ និងដឹកជញ្ជូន មានទស្សនៈវិស័យ និងការប្ដេជ្ញាខ្ពស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរបែបទំនើបប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាព។ ហេតុនេះ ក្រសួងបានសហការជាមួយក្រុមហ៊ុន Uber រយៈពេលប្រាំមួយខែដើម្បីស្វែងយល់ និងនាំមកនូវប្រព័ន្ធមធ្យោបាយដឹកជញ្ជូន “shared mobility” ថ្មី ដូចជាបច្ចេកវិទ្យាកម្មវិធី Ridesharing នេះជាដើម។ ការសម្ពោធកម្មវិធី Uber ថ្ងៃនេះ បង្ហាញឲ្យឃើញពីការរួមចំណែករបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជនក្នុងការផ្ដល់នូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្ដែងនូវការអបអរសាទរចំពោះការសម្ពោធកម្មវិធីនេះនៅកម្ពុជា ក៏ដូចជាសង្ឃឹមថាវានឹងទទួលបានជោគជ័យនៅតំបន់អាស៊ីនេះ។”

ក្រុមហ៊ុន Uber និង ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានចុះហត្ថលេខាលើអនុស្សរណយោគយល់ (MOU) ស្ដីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងការជំរុញបច្ចេកវិទ្យា​ និង“shared mobility” ដើម្បីបម្រើសេវាកម្មដល់កម្ពុជា និងប្រជាជនរបស់ខ្លួន។

ជាសក្ខីភាពក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា៖ “Uber នាំមកនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មីមកកាន់កម្ពុជាដើម្បីផ្ដល់ជូននូវជម្រើសមធ្យោបាយដឹកជញ្ជូនធ្វើដំណើរថ្មីមួយសម្រាប់អ្នកដំណើរ ក៏ដូចជាឱកាសរកចំណូលសម្រាប់អ្នកបើកបរផងដែរ។ នេះជាគំរូឧទាហរណ៍ដ៏ល្អមួយសម្រាប់វិស័យឯកជនដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មី។ អរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ កម្ពុជា នឹងមានគម្រោងបច្ចេកវិទ្យានិយ័តភាពជឿនលឿនបំផុតសម្រាប់បច្ចេកវិទ្យា ridesharing ក្នុងតំបន់អាស៊ី។”

រាជធានីភ្នំពេញ នឹងចូលរួមជាមួយទីក្រុងជាង 600ផ្សេងទៀត ទូទាំងពិភពលោកដែលមានប្រើប្រាស់បច្ចេកវិទ្យា ridesharing នេះ ហើយកម្ពុជាក្លាយជាប្រទេសទី78 ដែល Uber កំពុងដំណើរការ ឥឡូវនេះ ។ អ្នកធ្វើដំណើរអាចនឹងធ្វើដំណើរជាមួយសមាជិក Uber ណាមួយ ដែលជាអ្នកបើកបរផ្ទាល់ខ្លួន រឺជាតាក់ស៊ី។
​ដើម្បីអបអរការសម្ពោធរបស់ខ្លួននៅរាជធានីភ្នំពេញ Uber ធ្វើការផ្ដល់ជូននូវការធ្វើដំណើរដោយឥតគិតថ្លៃចំនួន 10ដង ដែលមានតម្លៃរហូតដល់ $4 ក្នុងមួយដង រហូតដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2017។ អ្នកធ្វើដំណើរ គ្រាន់តែបញ្ចូលលេខកូដផ្ដល់ជូនពិសេស “UberPPLaunch” នេះក្នុងកម្មវិធី Uber របស់ខ្លួនដែលអាចទាញយកបានពី App Store ឬ Google Play។

Uber ជាក្រុមហ៊ុនដែលមានបេសកកម្ម ប្រែក្លាយមធ្យោបាយដឹកជញ្ជូនធ្វើដំណើរជាទីទុកចិត្តដូចចរន្តទឹកហូរទៅកាន់គ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា។ Uber បានបង្កើតឡើងនៅឆ្នាំ2010 ដើម្បីដោះស្រាយបញ្ហាដ៏សាមញ្ញមួយគឺ ធ្វើដូចម្ដេចទើបអាចរកមធ្យោបាយធ្វើដំណើរបាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ប្រាំពីរឆ្នាំក្រោយមក និងបន្ទាប់ពីការអនុវត្តជាក់ស្តែងជាង5ពាន់លានដងរួចមក Uber បានចាប់ផ្ដើមពិនិត្យរកដំណោះស្រាយបញ្ហាប្រឈមកាន់តែប្រសើរឡើងដូចជា ការកាត់បន្ថយការកកស្ទះ និងការបំពុលបរិស្ថានក្នុងទីក្រុងដោយលើកទឹកចិត្តមនុស្សជាច្រើនឲ្យប្រើប្រាស់រថយន្តតែមួយចំនួនប៉ុណ្ណោះ។