ភ្នំពេញ៖ លោក សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានអនុញ្ញាតឱ្យក្រុមជំនាញសត្វខ្លា ដែលដឹកនាំដោយអង្គការអភិរក្សសត្វព្រៃWWF បានចូលជួប និងពិភាក្សាការងារស្តីពីការនាំសត្វខ្លាធំ ចូលមក​អភិរក្ស នៅក្នុងប្រទេសកម្ពុជា។

លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះវត្តមាន នៃមន្ត្រីជំនាញខ្លាធំ ដែលបាន និងកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លាធំ ចូលមកអភិរក្ស នៅក្នុងប្រទេសកម្ពុជា។ ការនាំខ្លាធំមកកម្ពុជាវិញនេះ គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។

ក្នុងជំនួបនេះដែរ លោក សេង ទៀក នាយកអង្គការអភិរក្សសត្វព្រៃ WWF ក៏បានណែនាំសមាសភាពក្រុមអ្នកជំនាញសត្វខ្លាដែលភាគច្រើនកំពុងធ្វើការ នៅប្រទេសឥណ្ឌា។ ក្រុមអ្នកជំនាញបានលើកឡើងពីកត្តាជោគជ័យ សម្រាប់ថែរក្សាសត្វខ្លាធំ ដែល​រួមមាន ដូចជា ជម្រក អភិបាលកិច្ចល្អ និងសន្តិសុខសម្រាប់ការរស់នៅក្នុងជម្រកធម្មជាតិជាដើម។

សូមរំឭកថា ក្រសួងបរិស្ថានបានចាប់ផ្តើមពិភាក្សាជាមួយមន្ត្រីជំនាញ ក្នុងការនាំសត្វខ្លាពីប្រទេសឥណ្ឌា ដើម្បីមកលែង​ឱ្យរស់​នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា។ គិតត្រឹមពីឆ្នាំ២០០៧ សត្វខ្លាប្រមាណ​១០​ទៅ១៥ក្បាល មានវត្តមាននៅក្នុងព្រៃប្រទេសកម្ពជា៕