ខេត្តស្វាយរៀង៖ បុរសម្នាក់បានបើករថយន្តលឿនពេក ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង ខ្ទាតចូលក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន ៤នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងមុខសាលាមឋមសិក្សាហ៊ុន សែន អូរវ៉ាង តាមផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ត្រីនគរបាលចរាចរក្រុងបាវិត បានឲ្យដឹងថា រថយន្តបង្ក ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5920 បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅក្នុងភូមិក្រួស ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយចំនួន៤នាក់ រួមមាន ទី១-ឈ្មោះ ជា ចន្ទោ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ់ មានលំនៅក្នុងភូមិបុស្សលាវ ឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ ទី២-ឈ្មោះ ជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិកញ្ចំ ឃុំ​កញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង និង២នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញណ។

ប្រភពព័ត៌មាន បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបោះ​ពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ១។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តរេ​ចង្កូតទៅបុក​បង្គោល​ភ្លើង ហើយខ្ទាតចូលទៅក្នុងទឹកស្រះ បណ្ដាលឲ្យអ្នកបើកបរស្លាប់នៅក្នុងរថយន្ត និងអ្នករួមដំណើរជាមួយរងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះ នៅក្នងមន្ទីរពេទ្យ រួចហើយធ្វើកំណត់​ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដឹកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថ​យន្ត​បង្កត្រូវសមត្ថកិច្ច​យករថយន្តស្ទូច មកស្ទូចទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំដោះស្រាយ តាមច្បាប់៕
សហការី KBN