ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូចុះពីលើស្ពានព្រែកក្ដាមយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកអ្នកជិះកង់ ដួល​បោក​ទៅលើថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ៣២-៣៣ ស្ថិតក្នុងភូមិទូលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ។

មន្ត្រីនគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-2795 បើកបរដោយឈ្មោះ សៀក សុល ភេទប្រុស អាយុ៤២ឆ្នាំ (របួសធ្ងន់) មានលំនៅក្នុងភូមិឫស្សីជុក ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯអ្នកជិះកង់ ឈ្មោះ ឈុន ឡូញ ភេទប្រុស អាយុ៧៦ឆ្នាំ មានលំនៅក្នុងភូមិព្រែកជីក ឃុំកោះ​ចិន ស្រុកពញាឮ ខេត្តកណ្តាល។ ករណីនេះបណ្តាលមកពីអ្នកជិះកង់ឆ្លងថ្នល់ ខ្វះការប្រុងប្រយ័ត្ន និងមិនគោរពសិទ្ធិអាទិ​ភាព។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពលេកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ យ៉ាងលឿន ចុះពីលើស្ពានព្រែកក្តាមក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលគេជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកកង់ចំពីមុខពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទាំង២នាក់ទៅកាន់មន្ទីរពេទ្យ រួច​​ហើយវាស់វែង​ និងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕