ភ្នំពេញ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលប្រកាសនៅថ្ងៃទី២៦ ខែកញ្ញានេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ដែលប្រជាពលរដ្ឋបានបរិភោគ កាលពីអំឡុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដោយបានបណ្ដាលឲ្យមនុស្សចំនួន៨នាក់ រស់នៅភូមិ​ច្រក​គោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ (តំបន់ព្រៃឡង់) ខេត្ដកំពង់ធំ បានស្លាប់ជាបន្តបន្ទាប់។

យោងតាមសេចក្ដីប្រកាសដដែល បានឲ្យដឹងទៀតថា មុនពេលជនរងគ្រោះឈឺនោះ គឺពួកគាត់បានបរិភោគសាច់សត្វព្រៃប្រហែលជា៣ទៅ៤សប្ដាហ៍ ។ បន្ទាប់មកក៏មានអ្នកឈឺ ដោយមានរោគសញ្ញា ដូចជា គ្រុនក្ដី រាក ក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើមជើង និងឈឺសន្លាក់។ អការរោគទាំងនេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី១​ ខែសីហា ឆ្នាំ២០១៧ ពោលគឺនៅក្នុងអំឡុងរដូវកាន់បិណ្ឌ ដោយអ្នកជំងឺមានអការឈឺចំនួនសរុប​​៣៣ករណី ហើយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨នាក់(ប្រុស)។

សេចក្ដីប្រកាសដដែល បានបន្តថា ក្នុងចំណោមអ្នកជំងឺទាំង១៣នាក់ដែលបានមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ដកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យកេតុមាលា នោះ គឺក្រុមការងារ និងក្រុមគ្រូពេទ្យបានយកសំណាកកោសិកា សាច់​ដុំដើមដៃរបស់អ្នកជំងឺ៣នាក់ និងឈាមពីអ្នកជំងឺ៩នាក់ទៅវិភាគ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយសំណាកអ្នកជំងឺ​៣នាក់ ត្រូវបានបញ្ជាក់ឲ្យឃើញថា មានដង្កូវព្រូនទ្រីស៊ីណែឡា នៅក្នុងសាច់ដុំ។ លទ្ធផលនេះបានបង្ហាញឲ្យឃើញថា មាន​ពងដង្កូវព្រូនទ្រីស៊ីណែឡា។

ទាក់ទិននឹងការរកឃើញពងដង្កូវព្រូនទ្រីស៊ីណែឡាខាងលើនេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបញ្ឈប់នូវការបរិភោគសាច់ឆៅ ឬសាច់ដែលចម្អិនមិនឆ្អិនល្អ និងចូលរួមអនុវត្ដវិធានការ បង្ការជំងឺដង្កូវព្រូនទ្រីស៊ីណែឡា នេះ ព្រោះជំងឺនេះអាចបណ្ដាលឲ្យមនុស្សស្លាប់ ក្នុងរយៈពេលដ៏ខ្លីបាន៕
សហការី KBN