ប្រពន្ធឈឺពោះសម្រាលកូន ត្រូវបានប្តី ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ ហើយពេលមកដល់ ពាក់កណ្តាលផ្លូវ នាងក៏បានឈឺពោះ សម្រាលកូននៅមុខ ផ្ទះឯកឧត្តម ចម ប្រសិទ្ធ តាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ​បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។​

ស្រ្តីសម្រាលកូនតាមផ្លូវ មានឈ្មោះ លន់ ផល្លា ​អាយុ៣៧ឆ្នាំ មុខរបរចាំដីអោយគេ ​​នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ​សយ សៀន ​អាយុ៥១ឆ្នាំ មុខរបរចាំដីឲ្យគេ រស់នៅជាមួយគ្នា មានស្រុកំណើត នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។​

តាមសម្តីស្រ្តីសម្រាលកូន តាមផ្លូវបានឲ្យដឹងថា គាត់មានកូន ៤នាក់ហើយ ដែលកូនស្រីច្បង អាយុ១១ឆ្នាំហើយ និងបានពរពោះកូនទី៥ ប៉ុន្តែគាត់មិនដឹងថា គ្រប់ខែត្រូវសម្រាល កូននៅ ថ្ងៃណាទេ នៅយប់កើតហេតុ ខណៈពេលដែលគាត់ កំពុងដេកលង់លង់ ដល់រំលងអធ្រាត្រ ​ម៉ោង២​ គាត់មានអាការៈឈឺពោះ ដឹងខ្លួនមិនស្រួល ក៏បានអោយប្តី ខ្ចីម៉ូតូម្ចាស់ដីមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ឌុបទៅសម្រាលកូន នៅមន្ទីរពេទ្យ ។

ប្រភពដដែល បានបន្តទៀតថា ដោយសារតែប្តីគាត់ និងគាត់មិនសូវស្គាល់ មន្ទីរពេទ្យច្បាស់ផង ខណៈពេលប្តី ជិះម៉ូតូឌុបគាត់ កាត់តាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង មកដល់ចំណុចមុខផ្ទះ ឯកឧត្តម ចម ប្រសិទ្ធ គាត់មានអាការៈ កាន់តែចុកសៀតពោះ ទៅមុខលែងរួច ក៏ឲ្យប្តី​ឈប់ម៉ូតូ ចុះពីលើម៉ូតូ ស្រាប់តែ​បែកទឹកភ្លោះ សម្រាលកូន​តែម្តង គឺកើតបានទារិកាម្នាក់ ។

បុរសជាប្តី បានឲ្យដឹងថា ពេលដែលប្រពន្ធគាត់ សម្រាលកូនបានភ្លាមៗ គាត់បានឈរសំពះ ស្រែកហៅរ៉ឺម៉កម៉ូតូ ឬរថយន្តដែល ធ្វើដំណើរឆ្លងកាត់ទីនោះ ឲ្យជួយដឹកប្រពន្ធរបស់គាត់ ទៅកាន់មន្ទីរពេទ្យផង តែមិនមានអ្នកណា ឈប់ជួយទេ ទាល់តែសមត្ថកិច្ច ល្បាតប្រទះឃើញ បានទាក់ទងហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅមន្ទីរពេទ្យ បង្អែក​ពោធិ៍ចិន
តុង​ ។

បុរសជាប្តី បានឲ្យដឹងទៀតថា គាត់ពីរនាក់ប្តីប្រពន្ធ ចាំដីឲ្យគេ បានប្រាក់ខែមួយខែ ១៥០​ដុល្លារនិងអង្ករ១បាវ ។ នៅពេលប្រពន្ធ មានផ្ទៃពោះជិតគ្រប់ខែ គាត់បានសន្សែសន្សំបាន ប្រាក់ ៣០ម៉ឺនរៀល ទុកសម្រាប់សម្រាលកូន ពេលដែលប្រពន្ធ ឈឺពោះខ្លាំងពេក ប្រញាប់ប្រញាល់មិនដឹងថា ជ្រុះកាបូបលុយបាត់ នៅកន្លែងណាទេ បាត់លុយអស់រលីង ៕

**** ព័ត៌មានផ្សេងៗទៀត ******

លទ្ធផលដែលចុចទូរស័ព្ទ ពេលឆ្លងផ្លូវ!!! ត្រូវរថយន្តក្រុងអគ្គិសនី បុកដាច់ជើង… (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេហទំព័រ Dailymail បានចុះផ្សាយហេតុការណ៍ ដ៏រន្ធត់មួយ បានកើតឡើងលើស្ត្រីម្នាក់ អាយុ៤០ឆ្នាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេត្យភ្លាមៗ ក្នុងបន្ទប់ ICU ក្រោយពីនាងបានដើរកាត់ផ្លូវ រថយន្តក្រុងដែលប្រើអគ្គីសនី ដោយមិនបានមើលឆ្វេងស្តាំ ត្រូវរថយន្តអគ្គិសនីបុកពេញទំហឹង ។

ហេតុការណ៍នេះ បានបណ្តាលឲ្យជើង របស់នាងរងគ្រោះខាងលើ ត្រូវបានដាច់ ដោយសារតែរូបនាងរវល់តែ ចុចទូរស័ព្ទ ហើយមិនបានចាប់អារម្មណ៍ និងភ្លើងសញ្ញារបស់រថយន្តក្រុងអគ្គិសនីឆ្លងកាត់ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ហើយតាមរយៈកាម៉េរ៉ា (CCTV) បានថតជាប់រូបភាព នៅលើផ្លូវរបស់រថយន្តក្រុងខាងលើ ដែលមានគំនូសម្រាប់អ្នកធ្វើដំណើរថ្មើជើង ហើយខណៈពេលដែល រថយន្តក្រុងកំពុងមកដល់ មានមនុស្សចំនួនពីរបីនាក់ កំពុងឈប់ដើម្បីឲ្យរថយន្តក្រុង ដែលប្រើខ្សែរអគ្គិសនីឆ្លងកាត់ តែមិនដឹងជាយ៉ាងម៉េច គេបានឃើញស្ត្រីរងគ្រោះ ដើរចូលផ្លូវរថយន្តនោះ ដូចជាមនុស្សគ្មានវិញ្ញាណ ព្រោះរវល់តែចុចទូរស័ព្ទ ភ្លេចមើលឆ្វេងស្តាំ បណ្តាលឲ្យរថយន្តក្រុង បុកចំពាក់កណ្តាលខ្លួន ខ្ទាតប្រហែល៥ម៉ែត្រ បណ្តាលឲ្យបាក់ជើង ហើយរបួសធ្ងន់ធ្ងរ ។

បើតាមរបាយការណ៍ របស់កាសែតខាងលើ បានចុះផ្សាយថា រូបនាងមានឈាមហូរយ៉ាងច្រើន ដោយសារជើងស្តាំរបស់នាង ត្រូវបានដាច់ចេញពីគ្នា និងមានអការៈធ្ងន់ធ្ងរខ្លាំង តែនាងមិនបានបាត់បង់ជីវិតឡើយ ៕

ប្រភព៖ ដេលីមែល