ថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេស កំពុងចាប់អារម្មណ៍ខ្លាំង ចំពោះវត្តមានរបស់តារាសម្ដែងចិនដីគោក លោក Yu Rongguang តួអង្គមេទ័ពក្លាហានមិនខ្លាចស្លាប់ គួន អ៊ី ក្នុងរឿងភាគប្រវត្តិសាស្ត្រចិនដ៏ល្បីល្បាញ «Three Kingdom» ឬ «សាមកុក» ដែលបានមកកម្សាន្ត នៅលើទឹកដីអង្គរ ខេត្តសៀមរាប នេះបើយោងតាមការបង្ហោះរបស់គណនីហ្វីសប៊ុកឈ្មោះ «Lay KimHui» កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៧ ។

យោងតាមការបង្ហោះរូបថត រួមជាមួយសំណេររបស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើបានឱ្យដឹងថា តារាប្រុសវ័យ ៥៩ឆ្នាំ លោក Yu Rongguang នឹងស្នាក់នៅកម្សាន្តក្នុងប្រទេសកម្ពុជាយើងចំនួន ៣ថ្ងៃ ហើយក្នុងខណៈនេះ ម្ចាស់គណនីហ្វេសប៊ុក «Lay KimHui» បានប្រាប់ក្រុមការងារយើងថា លោកកំពុងរវល់ជាមួយតារាប្រុស Yu Rongguang នៅមិនទាន់មានពេលទំនេរនៅឡើយទេ ។

សូមបញ្ជាក់ឱ្យដឹងថា លោក Yu Rongguang ឬឈ្មោះ Ringo Yu គឺជាតារាសម្ដែងក្បាច់គុណម្នាក់ ដែលទស្សនិកជនចាប់ផ្ដើមស្គាល់ច្បាស់តាមរយៈរឿង «Iron Monkey» សម្ដែងជាមួយកំពូលតារាក្បាច់គុណ កុំកុំ (Donnie Yen) ក្នុងឆ្នាំ ២០០១ ហើយក្រោយមកទៀតមានរឿង «The East Is Red» «My Father Is a Hero» និងរឿង «Musa» ជាដើម ។

ក្រៅពីសម្ដែងជាមួយ កុំកុំ លោក Yu Rongguang ក៏ធ្លាប់សម្ដែងរួមគ្នាជាមួយ លោក Jackie Chan (ឈិនឡុង) ក្នុងនោះមានដូចជារឿង «New Police Story» «The Myth» «Shanghai Noon» និង«Karate Kid» ជាដើម ។
លោក Yu Rongguang កើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៥៨ នៅទីក្រុងប៉េកាំង ប្រទេសចិន គិតមកទល់ពេលបច្ចុប្បន្ននេះ លោកមានអាយុ ៥៩ឆ្នាំ ហើយ ៕
សហការី KBN