ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវទេសចរបរទេស បានចូលមកទស្សនាប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាអំឡុងខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីឺនេះ មានចំនួន៤០ ៨៤១នាក់ ហើយនៅខែកញ្ញានេះ អាចនឹងកើនឡើងជាមុនប្រមាណពី១ម៉ឺន ទៅ១,៣ម៉ឺននាក់។

យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ដែលដកស្រង់ពីមន្ត្រីមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ថា ភ្ញៀវអន្តរជាតិដែលឆ្លងកាត់ពីប្រទេសថៃ ចូលមកទស្សនាប្រទេសកម្ពុជា តាម​​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៧នេះ មានចំនួន៣៩១៩៩នាក់ បើប្រៀបធៀប ខែសីហាឆ្នាំ២០១៧នេះ មានចំនួន៤០៨៤១នាក់ មានការកើនឡើង៤,១៩ភាគរយ ក្នុងនោះគឺ ភ្ញៀវទេសចរបរទេសដែលច្រើនជាងគេ គឺ ទី១-ជនជាតិថៃ ទី២-រុស្ស៊ី ទី៣-អង់គ្លេស ទី៤-បារ៉ាំង និងទី៥-ចិន។

ប្រភពព័ត៌មានដដែល បានបន្តថា​ បើតាមតួលេខនេះ បានបង្ហាញថា នៅក្នុងខែកញ្ញា ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរបរ​ទេស​អាចនឹងកើនជាងខែមុនៗ ដែលក្នុង១ថ្ងៃប្រមាណ១ពាន់នាក់ទៅ១៣០០នាក់ ហើយទិសដៅដែលភ្ញៀវទេសចរមកកម្ពុជា ភាគច្រើនសំដៅទៅអង្គវត្ត ខេត្តសៀមរាប និងទស្សនានៅតាមរមណីយដ្ឋានដទៃទៀត។


មន្ត្រីមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ក្នុងស្រុកថ្មពួក សុទ្ធសឹងជាប្រាសាទបុរាណ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងផ្លូវទៅមកបានល្អ ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលចិត្តទៅទស្សនានៅទីនោះ។ ក្រៅពីរមណីយដ្ឋានវប្បធម៌នោះ ភ្ញៀវទេសចរក៏ចូលចិត្តទៅកម្សាន្ តនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុកផងដែរ ជាពិសេស នៅចំពេលថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ៕