ខេត្តត្បូងឃ្មុំ៖ តំណាងរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានជួបជុំ​គ្នាថ្លែង​សារ​នៅ​មុខ​ពន្ធ​នា​គារ​ត្រពាំងផ្លុង គ្រោងនឹធ្វើពហិការ មិនចូលរួម នៅក្នុងការបោះឆ្នោត នាឆ្នាំ២០១៨ខាងមុខនេះ បើ​តុលាការ​មិន​ដោះលែង​លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ស្របពេលគណបក្សនេះ ត្រូវគណបក្សកាន់អំណាចគំរាមរលាយចោល។

លោកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បានថ្លែងនៅពេល​អ្នកស្រី​ចូលរួម​ជួបជុំ​ជាមួយ​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​គណបក្ស​ នៅ​ជិត​​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ថា ពួកគាត់​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ដោយ​ពួកគាត់អះអាង​ថា លោក កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៧​រូប បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា ​នៅ​ព្រឹក​មិញ​នេះ​ ដោយ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិតក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ក្នុងគោល​បំណង​ ​​ទៅ​សួរ​សុខ​ទុក្ខ និង​ឃ្លាំ​មើល​ពីស្ថាន​ភាព​ នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ទោះ​យ៉ាង​នេះ​ក្តី ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​ស្រី មូរ សុខហួរ បាន​សន្យា​ថា លោកស្រីនឹង​បន្ត​មក​តវ៉ា​ នៅ​មុខ​ពន្ធនាគារ​នេះ ​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ហើយ​ថា គណបក្ស​នេះ​នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ ​នៅ​ឆ្នាំ​២០១៨​នោះឡើយ បើ​គ្មាន​ការ​ដោះ​លែង​លោក កឹម សុខា។

លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​បោះ​ឆ្នោត​ជាតិ ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឬ​ទេ បើ​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ?

ការ​លើក​ឡើង​របស់​លោក​ស្រី មូរ សុខហួរ បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោក​ស្រី បាន​ដឹក​នាំ​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ អម​ដោយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី សរុប​ចំនួន​១៧​រូប ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ (ម3) ត្រពាំង​ផ្លុង ស្ថិត​​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្តែ​ដំណើរ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង​១៧​រូប ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​កម្ពុជា ប្រមាណ​ជា​៦០០​នាក់ បាន​ទប់​ស្កាត់​ នៅ​ត្រឹម​ផ្លូវ​ចូល​ទៅ​កាន់​ពន្ធនាគារ។

ក្រុម​សមាជិក​សភា​ និង​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង បាន​សម្ដែងនូវ​ការ​សោក​ស្តាយ ​ចំពោះ​សមត្ថកិច្ច​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​ទៅ​កាន់​ពន្ធនាគារ ម3 ដើម្បី​សួរ​សុខ​ទុក្ខ​លោក កឹម សុខា។ បើ​ទោះ​បី​ជា​ក្រុម​តំណាង​រាស្រ្ត​បាន​ដាក់​សំណើ​សុំ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​ក្តី។ នៅ​ក្នុង​លិខិត​បដិសេធ​របស់​ចៅ​ក្រម​ស៊ើប​សួរ នៃសាលាដំបូងរាជធានី​ភ្នំពេញ បាន​លើក​ហេតុ​ផល​ថា ករណី​​របស់​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ នៃ​ការ​ស៊ើបសួរ។ ​ដូច្នេះតុលាការមិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​ ចូល​ជួប​បាន​នោះ​ទេ។

លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ទៅ​កាន់​អ្នក​កាសែត​ នៅ​មុខ​ពន្ធនាគារ​នេះ ដោយ​បាន​ចោទ​ជា​សំណួរ​ពី​ភាព​ស្រប​ច្បាប់​ នៃ​ការ​បោះ​ឆ្នោត​ជាតិ​ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ថា តើ​ជា​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឬ​ទេ បើ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង? តើ​សហគមន៍​អន្តរជាតិ នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ដែរ​ឬ​ទេ?

ដោយឡែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ នៅក្នុងពិធិចែកសញ្ញា​បត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ ថា តំណាងរាស្រ្តម្នាក់របស់គណបក្សប្រឆាំង បាននិងកំពុងភ័យខ្លួន ហើយរត់គេចពីកម្ពុជា ទៅកាន់ប្រទេសថៃ តាមច្រកកំរៀង ខេត្តបាត់ដំបង កាលពីម្សិលមិញ គ្រាដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងសំណុំរឿង លោក កឹម សុខា។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា «អ្វីៗដែលបានកើតឡើងកន្លងទៅនោះ មុខមាត់យើងបានរកឃើញហើយ ហើយសូមអ្នកដែលបានឆ្លងដែន នៅម៉ោង៥៖២០នាទី(ល្ងាច) ពីម្សិលមិញ ជាតំណាងរាស្រ្តដែលរត់ចេញទៅប្រទេសថៃ គួរត្រឡប់មកវិញ ព្រោះខ្លួនឯងមានឈ្មោះក្នុងបញ្ជីចែកនំប៉័ង នាឆ្នាំ២០១៣ ហើយក៏មានអ្នកមួយចំនួនទៀត ក៏រត់ចេញដែរ»។

សម្តេចថ្លែងបន្តថា «មានអ្នកក្លាហាន ហើយក៏មានអ្នកភ័យដែរ ព្រោះរឿងវាមិនតូចទេ។ ដូច្នេះ នៅពេលឆ្លងដែនពីម្សិល​មិញនោះ កុំស្មានថាគេមិនដឹង គឺឆ្លងនៅម៉ោង៥៖២០នាទី ឆ្លងនៅច្រកកំរៀង ទៅប្រទេសថៃ។ បើគេត្រូវការយក យើងក៏អាចសហការជាមួយប្រទេសថៃ ក្នុងការនាំយកមកវិញបានដែរ»។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ប្រសិន​បើ​បក្ស​នយោបាយបន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ ដើម្បី​ទុក​ឲ្យ​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​ នៃ​កម្ពុជា​តទៅ​ទៀត​ទេ។ កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។

ទន្ទឹម​គ្នា​នេះ ប្រធាន​គណបក្ស​កាន់អំណាច ក៏​បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​នៅ​រដ្ឋសភា​ នៅ​ព្រឹក​នេះ មិន​មែន ជា​ការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ទេ ដោយ​សម្ដេចអះអាង​ថា បទល្មើស​ជាក់ស្ដែង ​មិន​តម្រូវ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ទេ គឺ​ត្រូវ​ដំណើរការ​ដោយ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​ឲ្យ​រដ្ឋសភា។ ប្រសិន​បើ​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្តី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣/៤ ទើប​អាច​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​បាន។

គណបក្ស​សង្គ្រោះជាតិ បាន​ចាត់​ទុក​ការប្រជុំ​វិសាមញ្ញ​របស់រដ្ឋសភា ​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា របស់​សមាជិក​សភា​បក្ស​កាន់​អំណាច ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បន្ត​ចោទ​ប្រកាន់​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក កឹម សុខា ជា​ទង្វើ​ខុស​ច្បាប់ ហើយបក្ស​ប្រឆាំង ក៏​នៅតែ​បន្ត​ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ព្រម​ទាំង​អះអាង​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ថា តំណាងរាស្រ្តដែលបានរត់គេចទៅប្រទេសថៃនោះ ជានរណានោះទេ ប៉ុន្តែបើតាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥៖២០នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនោះ ពួកគេបានឃើញ លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលរាជធានីភ្នំពេញ បានចាកចេញពីកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ លោក ហូរ វ៉ាន់ ត្រូវបានសមត្ថកិច្ចប្រទះឃើញ ចាកចេញម្នាក់ឯងប៉ុណ្ណោះ ក្នុងសំលៀកបំពាក់ស៊ីវិលធម្មតា មិនមានអ្នកជូនដំណើរនោះទេ៕