ភ្នំពេញ៖ យប់មិញនេះ មានខ្យល់ភ្លៀងខ្លាំង បានបណ្ដាលឲ្យដួលរលំ រោងកម្មពិធីជប់លៀង របស់បុគ្គលិកក្រុមហ៊ុនមួយ ដោយសារខ្យល់កន្រ្តាក់ តែមិនបណ្ដាលអោយមាន អ្នករបួសឡើយ ដោយកើតហេតុនេះ កើតកាលវេលាម៉ោង ១​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចអគារសិរី តាមផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពី សន្តិសុខឯកជនម្នាក់ ដែលយាមនៅ អគារកើតហេតុខាងលើ បានប្រាប់ថា ដោយមុនយប់មិញនេះ ថៅកែអគារជប់លៀង អោយបុគ្គលិកទាំងអស់ ហូបអាហាររួមគ្នា និងមានតន្រ្តីរាំសប្បាយផង លុះដល់ចប់កម្មពិធី​ បុគ្គលិកបានទៅផ្ទះរៀងខ្លួន និងចុងភៅរៀបចំម្ហូប បានរើសយកតុកៅអី ទៅអស់ទុកតែរោង រង់ចាំស្អែកបានរុះចេញ​ លុះដល់ម៉ោង ១​រំលងអាធ្រាត្រ ក៏មានមេឃធ្លាក់ភ្លៀងខ្លាំង​ លាយឡំនិងខ្យល់កន្ទាក់ ធ្វើអោយរោងកម្មវិធីជប់លៀង បាក់រលំដល់ដីតែម្ដង ហើយគាត់គិតថា មិនធម្មតាមែន ដែកសង់រោងទាំងនោះ បាក់ចុះមក ​នេះសំណាងល្អនៅសល់តែរោង តែបើកម្មពិធីមិនទាន់ចប់ទេ ច្បាស់ជាមិនដឹងទៅជាយ៉ាងណា ។

គួរសង្កេតថា មេឃធ្លាក់ភ្លៀងខ្លាំង រដូវភ្ជុំបិណ្ឌ បិណ្ឌទី៥ និងបិណ្ឌទី៦ មេឃបានបង្អុរភ្លៀង លាយជាមួយ ផ្លេកបន្ទោរខ្លាំង២ មានរយះពេល ២យប់ជាប់គ្នាហើយ ក្នុងរាជធានីភ្នំពេញ ដោយមិនទាន់មានការខូចខាត ផ្ទះសម្បែងប្រជាពលរដ្ឋទេ គ្រាន់តែបង្កអោយមាន ទឹកលិចជន់លើផ្លូវមួយចំនួន ខ្លះមានប្រព័ន្ធលូ ក៏ហូរអស់ ក្រោយពីមេឃរាំងវិញ ខ្លះក៏មិនទាន់ហូរអស់ ដោយសារតែប្រពន្ធលូ វាស្ទះហូរមិនទាន់ ៕