ភ្នំពេញ៖ ក្រុមជនសង្ស័យ ជួញដូរគ្រឿងញៀន៤នាក់ ត្រូវបាននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បង្ក្រាបជាក់ស្តែង ជាលទ្ធផលដកហូត ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៨ដុំ ទម្ងន់ប្រមាណ៨គីឡូក្រាម កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ។

សមត្ថកិច្ចប្រាប់អោយដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ ពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ដដែលប្រាប់បន្តថា ជនសង្ស័យជួញដូរគ្រឿងញៀន ជនជាតិចិន និងឡាវទាំង៤នាក់នេះ ត្រូវបានបង្ក្រាបចំនួនពីរគោលដៅ គឺនៅតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី សែនសុខ ឃាត់បានមនុស្ស៣នាក់ រូមនិងថ្នាំញៀន ជាង៧គីឡូក្រាម និងនៅក្បែរផ្សារតូច ខណ្ឌឬស្សីកែវ ឃាត់បានម្នាក់ រួចបន្តចុះធ្វើការឆែកឆេរ លំនៅដ្ឋាន នៅក្នុងបុរី សំបូរមាស ផ្ទះលេខ ៣០បេ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២ថង់ថែមទៀត ទម្ងន់​២ខាំ ។

​សមត្ថកិច្ចប្រាប់បន្តទៀតថា ប្រតិបត្តិការណ៍បង្ក្រាប ករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរគ្រឿងញៀន បើកការស្រាវជ្រាវ រាប់ខែមកហើយ រហូតកំណត់មុខសញ្ញាបាន ទើបបើកការស៊ើបអង្កេត ចុះបង្ក្រាបជាក់ស្តែងតែម្តង ។

​ក្រោយពីបង្ក្រាប ក្រុមជនសង្ស័យជួញដូរ គ្រឿងញៀនទាំង៤នាក់ រួមទាំងវត្ថុតាងថ្នាំញៀនទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕