រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រឹតស្រាលក្រុងម្នាក់ ស្លៀកពាក់ឯកសណ្ឋាន ខោប៉ូលីស អាវសុីវិល ក្នុងស្ថានភាពស្រវឹង ទៅសួរនាំសំឡុតក្រុមក្មេងស្ទាវ ត្រូវបានក្រុមក្មេងទាំងនោះ ព្រួតវាយបែកក្បាល សន្លប់ស្តូក កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ លើផ្លូវជាតិលេខ៣ ខាងត្បូងជាប់ រង្វង់មូលចោមចៅ មុខបញ្ជាការដ្ឋាន កងវិស្វកម្ម ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ឡុច គីម ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រឹតស្រាល ស្នងការក្រុងភ្នំពេញ « ហស្សនាម ទិវា១៦៨ » រងរបួសបែកក្បាលធ្ងន់ ។ ចំណែកក្រុមក្មេងស្ទាវ មានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណ មាន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម មិនចាំស្លាកលេខ និងម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក MSX មិនចាំស្លាកលេខ ក្រោយកើតហេតុ នាំគ្នាជិះគេចបាត់អស់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ២គ្រឿង មកឈប់នៅខាងត្បូង រង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ លុះមួយសន្ធុះក្រោយមក ទើបឃើញជនរងគ្រោះ ក្នុងឯកសណ្ឋាន ខោប៉ូលីស អាវសុីវិល ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-5412 ពីជើងមកត្បូង ជិះហួសក្រុមក្មេងស្ទាវ ប្រមាណ៣០ម៉ែត្រ ក៏បានឈប់ម៉ូតូ ចុះដើរទៅសាកសួរក្រុមក្មេងស្ទាវ ហើយឃើញជនរងគ្រោះសំឡុត តែមិនដឹងថា សម្លុតរឿងអ្វីនោះទេ ស្រាប់តែក្មេងស្ទាវ២នាក់ ជិះម៉ូតូស្កុបពី នាំគ្នាចុះមកព្រួតនាវាយ បណ្តាលឲ្យជនរងគ្រោះ រងរបួសបែកក្បាល ដេកដួលសន្លប់នៅកន្លែង ហើយក្រុមក្មេងបង្ក បាននាំគ្នាជិះម៉ូតូរត់គេចបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តពេទ្យ គ្លីនិក រស្មី ដឹកយកទៅសង្រ្គោះ ចំណែកម៉ូតូនគរបាលប៉ុស្តិ៍ចោមចៅ យកទៅរក្សាទុក ៕

សហការី KBN