មានករណីភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមអ្នកជំនាញចាប់ពស់មួយក្រុម បានចាប់សត្វពស់ថ្លាន់មួយក្បាលដែលបានចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ ហើយថែមទាំងបានលេបសត្វឆ្មារបស់ម្ចាស់ផ្ទះថែមទៀតផង ។

ហេតុការខាងលើនេះ បានកើតឡើង ក្នុងផ្ទះមួយកន្លែង ស្ថិតនៅជាយក្រុងបាងកក ហើយបើតាមការបង្ហាញពីសំណាក់សមត្ថកិច្ច បានឱ្យដឹងថា សត្វពស់ថ្លាន់មួយក្បាលដែលបានចូលអុកឡុកក្នុងផ្ទះប្រជាពលរដ្ឋនេះ មានប្រវែងរហូតដល់ ៥ម៉ែត្រឯណោះ ។

ប្រភពបានឱ្យដឹងទៀតថា សត្វពស់ថ្លាន់មួយក្បាលនេះ បានលេបសត្វឆ្មាចិញ្ចឹមរបស់ម្ចាស់ផ្ទះឈ្មោះ លោកស្រី សាវវ៉ារ៉ាក់ ឆារឿន អាយុ ៥៩ឆ្នាំ ហើយឆ្មានោះ មានទម្ងន់ ៣គីឡូ ឈ្មោះថា BoBo ។ ក្រោយពីលេបហើយ ពស់ថ្លាន់មួយក្បាលនោះ មិនអាចវារទៅណារួចដោយសារទម្ងន់ខ្លួនកើនឡើង ហើយឃើញដូចនេះ ម្ចាស់ផ្ទះក៏បានទំនាក់ទំនងទៅកាន់ សមត្ថកិច្ច និងអ្នកជំនាញចាប់ពស់ មកជួយអន្តរាគមន៍ ។

តាមសម្ដីម្ចាស់ផ្ទះលោកស្រី សាវវ៉ារ៉ាក់ ឆារឿន បាននិយាយឱ្យដឹងថា ដំបូងឡើយ លោកស្រីបានបាត់សត្វឆ្មាចិញ្ចឹមរបស់គាត់រហូតទៅដល់ ៣ក្បាល ហើយក្រោយមកលោកស្រីបានស្វែងរក ហើយស្រាប់តែប្រទះឃើញសត្វពស់ថ្លាន់នៅក្រោមតុក្នុងផ្ទះរបស់លោកស្រីតែម្ដង ហើយក្នុងកាលៈទេសៈនោះ លោកស្រីពិតជាភ័យខ្លាចខ្លាំងណាស់ ។

ក្រោមពីក្រុមជំនាញសត្វពស់មកដល់ ពួកគេបានប្រើរយៈពេលកន្លះម៉ោងទើបអាចចាប់សត្វពស់ថ្លាន់មួយក្បាលនោះបាន ហើយក្នុងនោះ មន្ត្រីអភិរក្សសត្វព្រៃម្នាក់បានលើកឡើងថា តាមពិតទៅសត្វពស់ថ្លាន់មួយក្បាលខាងលើនេះ ជាប្រភេទពស់ថ្លាន់មួយប្រភេទដែលកម្រនៅក្នុងប្រទេសថៃ ហើយក្រោយពីចាប់បាន ក្រុមអ្នកភិរក្សក៏បានយកវា (ពស់ថ្លាន់) ទៅលែងក្នុងព្រៃឱ្យមានសេរីភាពវិញ ៕
សហការី KBN
ប្រភព៖ Khaosod & Stomp