ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៧នេះ មានមេឃភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្ដាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ប្រឡាយស្ថានីយ៍បូមទឹក មាន ២សង្កាត់ តាមផ្លូវ១០៥សង្កាត់បឹងត្របែក ផ្លូវ៥០៨ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព៌ត៍មាន ពីប្រជាពលរដ្ឋរស់នៅផ្លូវ៥០៨បានឱ្យដឹងថា ផ្ទះគាត់ដែលរស់នៅតាមមាត់ប្រឡាយ ស្ថានីយ៍បូមទឹកបឹងត្របែក មិនថារដូវរស្សា ឬរដូវប្រាំងទេ ឱ្យតែមេឃធ្លាក់ភ្លៀងខ្លាំងចាប់ពី ២ម៉ោងឡើង គឺលិចហើយ មិនងាយស្រកទៅវិញទេ តែបើសិនខាងអ្នកគ្រប់គ្រងស្ថានីយ៍បូមទឹកបឹងត្របែកជួយបូម ក៏មិនអាចជន់លិចយូរដល់ថ្នាក់ហ្នឹងដែរ ទោះបីគាត់ (ប្រជាពលរដ្ឋ) ខំទៅប្រាប់បុគ្គលិកគេ (ស្ថានីយ៍បូមទឹក) ក៏គ្មានន័យឡើយ មានតែរង់ចាំ ២ថ្ងៃទើបទឹកស្រកអស់ ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានបន្តថា សង្ឃឹមថាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលមន្រ្តីថ្នាក់ក្រោមផង គង់តែមានថ្ងៃណាលិចស្លាប់ពេលកំពុងដេកលង់លក់ក្នុងផ្ទះជាមិនខាន បើមិនជឿប្រជាពលរដ្ឋទេ សូមឱ្យខាងក្រុមការងារ ចុះមកត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋចុះ ហើយទៅមើលស្ថានីយ៍បូមទឹកខាងបុគ្គលិក មានបានជួយបូមទឹក ឬមកពីគ្មានប្រេងនៅស្ថានីយ៍ តែប្រជាពលរដ្ឋគិតថា ថ្នាក់លើមិនដែលដឹងរឿងទេ អ៊ីចឹងមានតែផ្ដាំផ្ញើទៅតាមរយៈ អ្នកយកព័ត៌មាន ជួយផ្សាយឱ្យថ្នាក់ដឹងនាំដឹងឮផង ហើយក៏សូមអរគុណទុកជាមុនដែរ ៕ សហការី KBN