ភ្នំពេញ ៖ ជនសង្សយ័ម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលកំពុងឈប់ម៉ូតូទិញផ្លែឈើ តែមិនបានសម្រេច ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ជាប់និងស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ ឈិន ចរិយា ភេទស្រី អាយុ ២២ឆ្នាំ បុគ្គលិកសណ្ឋារគារសុខា ស្នាក់នៅក្រោយសាកលវិទ្យាល័យមេគង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិធ្លោក ឃុំច្រកម្ទេស ស្រុកបាវិត ខេត្តស្វាយរៀង ។ ចំណែកឯជនសង្សយ័មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងតុទូ ស្នាក់ម្តុំត្រឡោកបែក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន ពីនារីរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-8341 ទើបតែចេញពីធ្វើការនៅសណ្ឋាគារសុខា គោលបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំផ្សារហេងលី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ រូបនាងបានឈប់ម៉ូតូដើម្បីទិញផ្លែឈើបន្តិចបន្តួចយកទៅផ្ទះ ​​ពេលនោះនាងបានដកកាបូបដៃតូចចេញពីកាបូបស្ពាយ ដែលរូបនាងបានដាក់ខាងមុខ បន្ទាប់មកនាងបានហូតលុយចេញពីកាបូបដើម្បីឱ្យយទៅអ្នកលក់ផ្លែឈើ ។

ខណៈពេលនោះ ស្រាប់តែលចមុខជនសង្សយ័ម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅអត់មានស្លាកលេខ ជិះបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើត មកអែបជាមួយម៉ូតូរបស់នារីរងគ្រោះ ហើយក៏បានធ្វើសកម្មភាពឆក់កាបូបពីដៃដែលនាង កំពុងកាន់ តែមិនបានសម្រេច ​។

ភ្លាមៗនោះដែរ នារីរងគ្រោះ បានស្រែកថា ចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានលោតទៅធាក់ជនសង្ស័យ បណ្តាលឱ្យដួលនៅនិងថ្នល់ រួចក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឱ្យយបែកមុខបែកមាត់ ឈាមហូរស្រោចខ្លួន ទើបប្រគល់ទៅឱ្យសមត្ថកិច្ចមូលរដ្ឋាន យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ។
បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាត់ការទៅតាមនីតិវិធី​ ៕
សហការី KBN