ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញដល់វិមានសន្តិភាព កាលពីវេលាម៉ោង៩ និង១៨នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីជួបពិភាក្សាការងារ ក្រោម​ប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា មានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំចង្អៀត គណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។

នៅក្នុងកិច្ចប្រជុំ រវាងគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ នឹងផ្ដល់មគ្គុទេ្ទសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។


អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិក។ បន្ទាប់មក លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕