ភ្នំពេញ ៖ ក្មេងស្រី ២នាក់​ ក្នុងចំណោម ៥នាក់ បានលង់ទឹកស្រះស្លាប់​ ខណៈពេលដែលពួកគេនាំគ្នាទៅងូតទឹកលេង ហើយហេតុការនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់​ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ជឹម ស្រីណូ អាយុ ៩ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ជឹម កុយ អាយុ ៥១ឆ្នាំ រត់ម៉ូតូឌុប ម្ដាយឈ្មោះ សៀង សឺន អាយុ ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ ទី២ ឈ្មោះ សម ស៊ីស្រីណា អាយុ ៧ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ សម សំណាង អាយុ ៦៩ឆ្នាំ មុខរបរនៅផ្ទះ មានម្ដាយឈ្មោះ ទុយ វណ្ណា អាយុ ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា តំបន់ខាងលើ សុទ្ធតែជាផ្ទះប្រជាពលរដ្ឋ បុរីកីឡា និងប៊ូឌីង ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទៅរស់នៅ ។ មុនកើតហេតុ ក្មេងស្រីរងគ្រោះរួមជាមួយក្មេងស្រីក្នុងភូមិ ៣នាក់ផ្សេងទៀត សរុបទាំងអស់ ៥នាក់ នាំគ្នាចុះងូតទឹកស្រះខាងលើលេង លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ទៅហើយ ក្មេង ៣នាក់ត្រូវបានជីដូនហៅឱ្យបានឡើងទៅផ្ទះមុនបាត់ នៅសល់តែជនរងគ្រោះ ២នាក់ខាងលើ មិនព្រមឡើង ក៏បន្តនៅលេងទឹកស្រះដដែល ។

លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់ក្មេងស្រី ២នាក់នោះ មិនឃើញឡើង ទើបសាច់ញាតិ អ្នកភូមិឆោឡោ ចុះរាវ ឃើញស្លាប់ម្នាក់ ចំណែកក្មេងស្រីម្នាក់ទៀត លង់ឈ្លក់ ត្រូវបាននាំគ្នាជួយលើករលាក់ទឹក តែនៅមិនអាចសង្រ្គោះបាន ស្លាប់ទាំង ២នាក់តែម្តង ។

ប្រជាពលរដ្ឋនៅក្នុងភូមិ បានបន្តឱ្យដឹងទៀតថា ទឹកស្រះដែលក្មេងៗចុះលេងនោះ នៅចំកណ្ដាលមានជម្រៅ ៦ម៉ែត្រ ហើយនៅកន្លែងដែលក្មេងលង់ស្លាប់នោះ មានជម្រៅប្រហែល ៣ទៅ៤ម៉ែត្រ ។ ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងទីតាំងខាងលើ បានសូមណូមពរ ដលអាជ្ញាធរ មេត្តាជួយលុបស្រះនេះផង ព្រោះកុំឱ្យក្មេងក្រោយៗ លងលង់បន្តទៀត ព្រោះនៅកន្លែងនោះ មានក្មេងៗច្រើនណាស់ ហើយក៏គ្មានឪពុកម្ដាយ នៅមើលថែដែរ ដោយរវល់ចេញទៅធ្វើការ និងរកស៊ីបាត់ៗអស់ពីផ្ទះ ។

ក្រោយពីសាច់ញាតិ អ្នកភូមិជួយស្រង់ក្មេងស្រីទាំង ២នាក់ឡើងគោក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ពេលដែលសមត្ថកិច្ចចុះមកពិនិត្យ និងកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សពទៅឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សហការី KBN