ភ្នំពេញ៖ បន្ទាប់ពីក្រុម​ព្រះ​រាជ​អាជ្ញា​អមសាលាដំបូងរាជធានី​ភ្នំពេញ​ចំនួន​បី​នាក់​​បញ្ចប់នូវ​ការ​សួរ​ចម្លើយ​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នា​ព្រឹក ថ្ងៃទី៧ ខែកញ្ញា​នេះរួចមក ក្រុម​ព្រះ​រាជអាជ្ញា​ក៏​បាន​សម្រេច​ចោទ​​ប្រកាន់​​លោក​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា​៤៤៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ របស់ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

បទ​ចោទ​នេះ លោក ​កឹម សុខា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ ចាប់ពីពី​១៥​ទៅ​៣០​ឆ្នាំ។ បើទោះជាក្រុមព្រះរាជអាជ្ញាបាន​ចោទ​ពីបទល្មើសបែបនេះក្ដី ក៏ក្រុម​មេធាវី​ការពារ​ក្តីឲ្យ​លោក​ កឹម សុខា បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះ​អាង​ថា ពួកគាត់នឹង​ពិភាក្សា​គ្នា ​នៅ​រសៀល​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បន្តទៀត។

បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺ​ជា​អំពើ​ត្រូវ​រ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឫ​ភ្នាក់​ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស​រ៉ាយ​ឬឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ តាម​ក្រម​ដដែល​នេះ លោក​កឹម សុខា អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ចាប់​ពី​១៥ ទៅ​៣០​ឆ្នាំ។

ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​លោក​ កឹម សុខា​ នេះ ទាំងក្រុម​មេធាវី​គណបក្ស​សង្គ្រោះជាតិ ​ក៏​ដូចជា​លោក ​កឹម សុខា​ ផ្ទាល់​មិន​​អាច​ទទួល​បានឡើយ។ នេះបើ​តាម​លោក​សំ សុគង់ ​ជា​មេធាវី​ម្នាក់​ ក្នុង​ចំណោម​មេធាវី​ទាំង​៥​នាក់​របស់​លោក​កឹម សុខា គឺ​ដោយ​សារ​តែ​ការ​ជួប​ជុំ​របស់​លោក​កឹម សុខា ដូច​មាន​នៅ​ក្នុង​វីឌីអូ​បែក​ធ្លាយ​នោះ គឺ​ជា​ការ​ជួប​ជុំ​ធម្មតា​ទេ មិន​មែន​ជា​ការ​ជួប​ជុំ​ រៀប​ចំ​ឃុប​ឃិត​ជាមួយ​បរទេស​ ដូច​ការ​ចោទ​ប្រកាន់នោះ​ឡើយ។

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​ថ្ងៃ​ទី​២ ឈាន​ចូល​ទី​៣ កញ្ញា ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ នៅ​ទី​នោះ លោក​ កឹម សុខា មិន​​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឃុំ​ខ្លួន​ក្នុង​បន្ទប់​ឃុំ​ឃាំង​ទេ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ដាច់​ដោយ​ឡែក​មួយ​របស់​អនុរក្ស​ពន្ធនាគារ។ កាល​ពី​ចន្ទ ព្រះ​រាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​ដល់​ទៅ​បី​នាក់ បាន​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា​ដល់​ពន្ធនាគារ​នោះ​តែ​ម្តង។

​លោក​មេធាវី​សំ សុគង់ នេះ​គឺ​ជា​រឿង​ដ៏​កម្រ​នឹង​ជួប​មួយ ដូច្នេះ​លោក​គិត​ថា ការ​ដែល​មាន​ព្រះរាជអាជ្ញារង​ដល់​ទៅ​បី​នាក់​បែប​នេះ គឺ​ដើម្បី​ជួយ​គ្នា​សួរ​យក​ចម្លើយ​ពី​លោក​ កឹម សុខា។ ចំណែក​ការ​លើក​តុលាការ​ទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទៀត​សោត លោក​សំ សុគង់ ថា​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​នីតិវិធី​បែប​នេះ ពី​ព្រោះ​ថា​ ការ​ធ្វើ​នីតិវិធី​នៅ​ក្នុង​ពន្ធនាគារ​ដូច្នេះ គឺ​សិទ្ធិ​របស់​មេធាវី​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ។


ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ពិនិត្យ​សំណុំ​រឿង​រួម​ទាំង​ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត ​ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​ផ្ទៀង​ផ្ទាត់​ចម្លើយ​លើ​លោក ​កឹម សុខា​រួច តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យល់​ថា មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ក្នុងការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស និង​ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវីធី៕ សហការី KBN