ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់ សង្ស័យមានជំងឺប្រចាំកាយ ដេកស្លាប់ក្នុងបន្ទប់ និងមានក្អួតចេញចំណីអាហារពេញលើពូក ថែមទៀត ដែលករណីនេះ បានបង្កការភ្ញាក់ផ្អើល ពីសំណាក់ប្រពន្ធរបស់ជនរងគ្រោះ បន្ទាប់ពីបានប្ដឹងដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ កាលវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចផ្ទះជួលលេខ១៤៤ តាមផ្លូវលំ ក្រុម៦ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ស្រ្តីជាប្រពន្ធសពមានឈ្មោះ តេង សុភាព ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលូង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានប្រាប់ថា ប្ដីរបស់គាត់ដែលស្លាប់មានឈ្មោះ Frischknecht Thomas Daneil អាយុ ៤៤ឆ្នាំ ជនជាតិស្វីស មុខរបរគ្រូបង្រៀនភាសាអង់គ្លេស មានជំងឺប្រចាំកាយលើសឈាមនិងបូសនៅលើពងស្វាស តែប្ដីរបស់គាត់ មិនព្រមទៅពេទ្យព្យាបាលទេ ដោយគ្រាន់តែទិញថ្នាំលាបប៉ុណ្ណោះ ។

រហូតដល់យប់កើតហេតុនេះ ជនរងគ្រោះបានស្លាប់ នៅលើគ្រែបន្ទប់ដេក ជាមួយគាត់ និងមានក្អួតចេញចំណីអាហារផង រួចក៏ទូរស័ព្ទប្ដឹងសមត្ថកិច្ចតែម្ដង និងស្នើសុំសពសពប្ដីរបស់គាត់យកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ ។

ស្រ្តីជាប្រពន្ធបានបន្តថា គាត់បានរស់នៅជាមួយប្ដីរបស់គាត់ខាងលើ មកដល់បច្ចប្បន្ននេះ បានរយៈពេលខ្វះ ២ថ្ងៃទៀត គឹ ៩ឆ្នាំគត់ និងបង្កើតបានកូនប្រុសម្នាក់អាយុ ៧ឆ្នាំ ហើយរស់នៅជាមួយគ្នា ដើម្បីប្ដីគាត់ទៅធ្វើការជាគ្រូបង្រៀន បានប្រាក់មកផ្គត់ផ្គងជារៀងរាល់ថ្ងៃ តែឥលូវប្ដីគាត់ស្លាប់ តើបានអ្នកណាមើលខុសត្រូវក្នុងគ្រួសារទៀត ។

យោងតាមប្រភពព័ត៍មាន ពីសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការរាយការពីសំណាក់ស្ត្រីជាប្រពន្ធ សាកសពបុរសជនជាតិស្វីស ថាប្ដីរបស់គាត់រូបនេះ ដេកស្លាប់ក្នុងបន្ទប់ រួចមក នៅព្រឹកឡើងម៉ោង៧និង៣០នាទី សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យ ហើយបានសហការជាមួយនិងកម្លាំងនគរបាលបច្ចេកទេស កោសល្យវិច័យ ស្នងការរាជធានីភ្នំពេញ ហើយបុរសរងគ្រោះមានស្នាមដំបោះកើតបូសនៅលើពងស្វាស និងមានជំងឺលើសឈាមផង ។

ក្រោយពការពិនិត្យរួច និងមានការឯកភាពពីលោកគ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញសន្និដ្ឋានបុរសរងគ្រោះ ស្លាប់ដោយសារគាំបេះដូង និងមានជំងឺលើសឈាមផង ចំណែកសពត្រូវរថយន្តដឹកសពរបស់សមត្ថកិច្ច ដឹកយកដំកល់ទុកនៅវត្តស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រង់ចាំការឯកភាព ពីខាងស្ថានទូតសិន ចាំប្រគល់ឱ្យស្រ្តីជាប្រពន្ធសពយកទៅធ្វើបុណ្យ ៕ សហការី KBN