ខេត្តព្រៃវែង៖ បុរសមួយក្រុមបាននាំគ្នាផឹកស៊ី នាថ្ងៃសែនក្បាលទឹកលេងសើចយ៉ាងសប្បាយរីីករាយ លុះពេលស្រវឹងរៀងៗខ្លួន​ក៏ទាស់ពាក្យសម្ដីគ្នា ទាញពូថៅកាប់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៧យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ២០១៧ នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ គឺមានបុរស៤នាក់បានព័ទ្ធវង់ផឹកស៊ី នាថ្ងៃសែនក្បាល​ទឹក តាមប្រពៃណីចិន តាំងពីរសៀល រហូតដល់វេលាខាងលើ ពួកគេម្នាក់ៗបានស្រវឹងជោកជាំ ហើយចាប់ផ្ដើមជជែកគ្នាចុះឡើង ក៏​ទាស់ពាក្យសម្ដី ធ្វើឲ្យជនបង្កផ្ទុះកំហឹងទាញពូថៅកាប់ទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់។ បន្ទាប់មក ជន​សង័្សយ​ក៏បានរត់គេចខ្លួនបាត់ស្រមោល។

លោក ប៊ូ សុខានី នាយប៉ុស្តិ៍ព្រែកតាសរ បានឲ្យដឹងថា អ្នកដែលចូលរួមផឹកស៊ីនោះ ទី១-ឈ្មោះ លី លាភ ភេទប្រុស អាយុ​៣៥ឆ្នាំ (ម្ចាស់ផ្ទះ) ទី២-ឈ្មោះ ឡាំង សុនអេង ភេទប្រុស អាយុ២៧ឆ្នាំ ទី៣-ឈ្មោះ វ៉ាន់ ធា ភេទប្រុស អាយុ ៤៩ឆ្នាំ (ជន​រងគ្រោះ) និងទី៤-ឈ្មោះ ច័ន្ទ ឌីសុក្រិត្យ ភេទប្រុស អាយុ៣៤ឆ្នាំ (ជនដៃដល់)។ ពួកគេទាំង៤នាក់ មានមុខ​របរជាកសិករ រស់នៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រែវែង។

លោកមេប៉ុស្ដិ៍​ បានបន្តថា មុនកើតមាននូវអំពើហិង្សានោះ ជនសង្ស័យ និងជនរងគ្រោះ រួមទាំងបុរស២នាក់​ បាននាំគ្នាអង្គុយផឹកស៊ីជាមួយគ្នា រហូតស្រវឹងរៀងៗខ្លួន ក៏កើតទំនាស់ បង្កឲ្យមានការប្រតាយប្រតប់គ្នា។ ភ្លាមៗនោះ ជនសង្ស័យឈ្មោះច័ន្ទ ឌីសុក្រិត្យ បានស្ទុះទៅទាញពូថៅដៃដែលមានដងប្រវែង៣តឹក និងផ្លែប្ររែង៧សង់ទីម៉ែត្រ កាប់មកលើជនរងគ្រោះឈ្មោះ វ៉ាន់ ធា ធ្វើឲ្យអ្នកផឹកជាមួយឃាត់មិនទាន់ បណ្ដាលឲ្យត្រូវក្បាលជនរងគ្រោះចំនួន២ពូថៅ គឺចំលើចិញ្ចើមផ្នែកខាងស្ដាំ និងចំស្លឹកត្រចៀកខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវគេដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។ រីឯ​ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ នៅពេលនេះ សមត្ថកិច្ចបានចុះទៅយកពូថៅនោះមករក្សាទុក និងបន្តស្រាវជ្រាវ​ស្វែងរកជនបង្កនាំមកចាត់ការតាមច្បាប់៕