ភ្នំពេញ៖ កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ យុវជនជាតៃកុងអេសស្កាវ៉ូទ័រម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯជាងជុសជុលរថយន្តម្នាក់ រងរបួសធ្ងន់ ក្រោយពេលជួបគ្រោះថ្នាកចរាចរ ខណៈដែលពេលពួកគេទាំង ២នាក់ ជិះម៉ូតូមួយគ្រឿងគេចពីរថយន្ត វ៉ាគ្នាជ្រុលចង្កូតទៅបុករបាំងថ្មការដ្ឋាន ធ្វើផ្លូវចម្ងាយពីសាលាភាសារកូរ៉ូ ប្រហែលជាង ២០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងភូមិ ភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។​

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មាមមុខរបរតៃកុងអេសស្កាវ៉ូទ័រ នៅក្នុងផែស្ងួតតិចស្រុន ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅសង្កា​ត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិតសពូង ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

​ចំណែកឯបើកបរម៉ូតូរងរបួសធ្ងន់ មានឈ្មោះ ឈិន សុខហេង ភេទប្រុស អាយុ​ ១៧ឆ្នាំ មានមុខរបរជួសជុលរថយន្ត នៅក្នុងផែស្ងួតជាមួយគ្នា និងស្នាក់ជាមួយគ្នា មានស្រុកកំណើតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ ហៅមន្ទីពេទ្យព្រះកុសុមះ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល 1T-9529 រងខូចខាតបែក កន្ទាម៉ាស៊ីន ដោយឡែត​រថយន្តបង្កទាំង ០២គ្រឿង ដែលបើកបរវ៉ាគ្នានោះ បានបើករត់បាត់អស់នៅក្រោយពេលកើតហេតុ ។​

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿង ចេញពីសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រដើម្បីមកចូលធ្វើការនៅក្នុងផែស្ងួត តិចស្រុន ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបើកបរតាមផ្លូវអូឌឹម កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធន់ធំ ដឹកស៊ីទែនសាំង មិនចាំក្រុមហ៊ុន ២គ្រឿង កំងពុងបើកបរតាមផ្លូវអូឌឹម កប់ស្រូវក្នុងទិសដៅពីត្បួងទៅជើង​ ។

ប្រភពបានបន្តថា លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កបើកបរពីក្រោយនោះ បានវ៉ាផ្នែកខាងឆ្វេងដៃរថយន្ត ដែលកំពុងបើកបរស្របទិសគ្នា ចូលចំណែកផ្លូវខាងម៉ូតូ ធ្វើឱ្យអ្នកបើកម៉ូតូរងគ្រោះ បើកគេចមកខាងស្តាំដៃ ជ្រុលចង្កូតទៅបុករះរបាំងថ្មការដ្ឋាន ធ្វើផ្លូវបណ្តាលឱ្យដួល ម៉ូតូធ្លាក់អ្នកជិះខាងក្រោយបោកក្បាលនិងរបាំងថ្ម ស្លាប់ភ្លាមៗនៅក​ន្លែងកើតហេតុ និងអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ហៅមន្ទីពេទ្យព្រះកុសុមៈ ។​

ក្រោយកើតហេតុ សពជន​រងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត រីឯម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅចរាចរណ៍ខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំដោះស្រាយគ្នា ៕ សហការី KBN