ភ្នំពេញ៖ ​នារីវ័យក្មេងរូបស្រស់ម្នាក់ ស្រវឹងស្រា ជិះម៉ូតូ​ក្នងល្បឿនយ៉ាងលឿន ហើយចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែក ដាក់បាំងការដ្ឋានជួសជុលផ្លូវ(សម្រាប់ឱ្យរថយន្ត និងម៉ូតូជិះវាង) បណ្តាលឱ្យដួលរងរបួសបែកមុខបែកមាត់ ដែលហេតុការមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបណ្ណាល័យ ហ៊ុន សែន តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម៉ូតូបង្កម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1A-8016 ​បើកបរដោយនារីវ័យក្មេងស្រស់ស្អាតម្នាក់មិនបង្ហាញឱ្យស្គាល់ឈ្មោះ គ្រាន់តែដឹងថាមានវ័យ ​២៥ឆ្នាំ ហើយការបើកបររបស់គាត់ ស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រា ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលមុនពេលកើតហេតុ គេបានឃើញម៉ូតូបង្ក បើកបរតាមបណ្តោយផ្លូវ៥៩៥ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែក ដែលគេដាក់បាំងការដ្ឋានជួលជុលផ្លូវ បណ្តាលឱ្យ ម៉ូតូបង្កដួលរងការខូចខាតបន្តិចបន្តួច ចំណែកឯនារីដែលជាអ្នកបើកបរ រងរបួសបែកមុខបែកមាត់ ។

ក្រោយពេលកើតហេតុ ជនគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅគ្លីនិក សម្ភពពន្លឺ ចំណែកឯម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញនៅពេលក្រោយ ៕ សហការី KBN