ប្រទេសចិន៖ វាជាពេលវេលាមួយ ដែលមិនអាចបំភ្លេចបាន ហើយរំភើបជាទីបំផុត ព្រមទាំងមានភាពរំជួលចិត្តយ៉ាងខ្លាំង សម្រាប់បណ្តាក្រុមអ្នកគាំទ្រ កំពូលតារាភាពយន្តរបស់ហុងកុង និងក្រុមអ្នកដែលចូលចិត្តរឿង បាញ់ប្រហារ វាយតប់ តាមបែបកំប្លែង របស់តារាភាពយន្ត ដែលពិភពលោកស្គាល់ថា ជេគី ចាន់ (Jackie Chan) ។

ស្ថានីយ៍ទូរទស្សន៍មួយ បានធ្វើកម្មវិធីដើម្បីធ្វើឲ្យលោក ជេគី មានការភ្ញាក់ផ្អើល ខណៈពេលដែលលោកត្រូវបានគេអញ្ជើញទៅចូលរួម សម្ពោធរឿងមួយ ដែលលោកបានផលិត ដោយផ្ទាល់ខ្លួនរបស់លោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

បើតាមការមើលទៅកម្មវិធីទូរទស្សន៍ ដែលបានបង្ហោះ និងស៊ែរ ក្នុងបណ្តាញសង្គមហ្វេសប៊ូក គឺបានធ្វើឲ្យលោក ជេគី (ឈិន ឡុង) រំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយពេលដែលលោក ក្រឡេកទៅក្រោយខ្នង ស្រាប់តែឃើញមិត្តរួមការងារចាស់ៗ ដែលលោកទើបនិងថតភាពយន្ត ជាលើកដំបូង។

មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍បានចាក់ផ្សាយ សមិទ្ធិផលរបស់លោក ដែលបានជួយឲ្យ វិស័យភាពយន្តចិន មានភាពល្បីរន្ទឺសុះសាយ ពាសពេញពិភពលោក និងប្រវត្តិនៃការថតភាពយន្ត ដោយលោកបានសំដែង ដោយឈុតថតពិតៗ នូវគ្រោះថ្នាក់ជាច្រើន ដោយមិនបានកាត់តនោះឡើយ ទោះជាមានរបួសផង ឈឺផង រហូតដល់បាក់ឆ្អឹងទៀតនោះ ក៏លោកនៅតែថត ទាល់តែបានសម្រេច និងទទួលបានការគាំទ្រ ហួសពីការស្មាន។

ទោះជាយ៉ាងណា ពេលដែលលោក មិនទាន់ល្បីឈ្មោះ លើឆាកអន្តរជាតិ លោកមានការតស៊ូយ៉ាងខ្លាំង ដោយមានការចូលរួម ឧបត្ថម្ភជ្រោមជ្រែងពីក្រុមសិស្សច្បង ផ្សេងៗយ៉ាងល្អបំផុត ទោះជាពេលនោះ លោកមិនសូវទទួលបានប្រាក់កាស់ ច្រើនក៏ដោយ ក៏លោក និងសិស្សច្បងទាំងអស់ ព្យាយាមតស៊ូ ចូលរួមចែករំលែកគ្នា ទៅវិញទៅមក ដោយភាពស្មើៗគ្នានៃប្រាក់ចំណូល។

ខណៈពេលដែលលោក ជេគី ចាន់ កំពុងតែភ្លឹកមើលរូបភាព ភ្លេចខ្លួនស្រាប់តែលេចមុខ ក្រុមការងារថត Stunt ចាស់ៗដំបូងៗរបស់គាត់ មកឈរពីក្រោយខ្នង ហើយពេលដែលគាត់ក្រឡេកឃើញ ធ្វើឲ្យទឹកភ្នែករបស់គាត់ស្រក់ ដោយក្តីរំភើបឥតឧបមា ដោយបានជួបមិត្តរួមក្រុម ចាស់ៗឡើងវិញ ។

មុនពេលដែលពិធីករសួរលោកថា “នឹកក្រុម Stunt ដំបូងៗ ទាំងនេះឬអត់? ហើយចង់ជួបពួកគាត់ដែរឬទេ?” ខណៈពេលនោះ លោកបាននិយាយថា “រយៈពេល ៤០ឆ្នាំកន្លងមកនេះ ពួកយើងរងរបួសបាក់ដៃ បាក់ជើង ខ្លះបានចូលដេកពេទ្យ ស្លាប់រស់ជាមួយគ្នា រហូតមកដល់ឆ្នាំនេះ ខ្ញុំទទួលបានពានរង្វាន់អូស្កា នេះជាកិត្តិយស របស់អ្នកទាំងអស់គ្នាផងដែរ ហើយខ្ញុំនឹងបែបចែក កិត្តិយសនេះ ទៅអ្នកទាំងអស់គ្នា” ។

ក្រោយពីនិយាយរួចហើយ លោកក៏បានបែរទៅក្រោយ២ដង ដោយមិនបាន ចាប់អារម្មណ៍អ្វីឡើយ រហូតដល់លោកបែរខ្នងជាលើកទី៣ ទើបលោកចាំមុខពួកគេបាន ហើយខណៈពេលនោះ មិត្តចាស់ៗរបស់លោក បានហៅលោកថា “សិស្សច្បងធំ” ទាំងអស់គ្នា រហូតដល់ស្រក់ទឹកភ្នែក ស្ទើរគ្រប់ៗគ្នា ។ ចំណែកអ្នកចូលរួមទស្សនា ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ព្រោះតែរំជួលចិត្ត ជាមួយនិងការជួបជុំគ្នារបស់ពួកគេ ។

វីដេអូឃ្លីបនេះត្រូវបានបង្ហោះ និងស៊ែរ ដោយមានអ្នកចូលមើល ជាច្រើនផងដែរ ៕

ប្រភព៖ Chinese Film Fan