ភ្នំពេញ៖ បន្ទាប់ពីឃាត់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ កាលពីវេលាម៉ោង១២ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិគ្រឹះលេខ៩៧របស់លោក តាមផ្លូវលេខ៣១៣ ស្ថិតក្នុងសង្កាត់បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ នោះមក នៅពេលនេះ លោក កឹម សុខា ត្រូវអាជ្ញាធរមានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារ​ត្រ​ពាំងថ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ ក្បត់ជាតិ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​មួយ​កាល​ពី​យប់​មិញ​ ក៏​បាន​ឲ្យដឹងថា លោក​ កឹម សុខា ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ «ឃុប​ឃិត​ជា​មួយ​នឹង​អំណាច​បរទេស» ដែល​មាន​ចែង​ទោស​ក្រោម​មាត្រា៤៤៣។ ប្រ​សិនបើតុលាការរកឃើញថា លោ កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ប្រព្រឹត្ដដូចការចោទប្រកាន់មែន លោក កឹម សុខា អាចនឹងជាប់​ពន្ធ​នាគារ​ ចាប់ពី ១៥ ទៅ៣០ឆ្នាំ។

ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នេះ គឺធ្វើឡើង បន្ទាប់ពីមានការចេញផ្សាយនូវឃ្លីបវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៤ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅប្រទេសអូស្រ្តាលី ថា លោកបានធ្វើតាមបញ្ជា របស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការ ផ្តួលរំលំរាជរដ្ឋា​ភិ​បាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ើប៊ី ដែរ។

នៅក្នុងឃ្លីបវីដេអូ មានរយៈពេលជាង២នាទីនោះ លោក កឹម សុខា បានថ្លែងថា លោកត្រូវបានអាមេរិករៀបចំ ជួលអ្នកជំនាញការ សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ដើម្បីផ្ដល់មតិ និងបង្រៀនពីវិធីសាស្រ្ត ផ្ដួលរំលំរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ របស់សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត និងផ្ដល់សេចក្ដីទុកចិត្ត ពីប្រជាពលរដ្ឋ តាំងពីយូរឆ្នាំណាស់មកហើយ។

បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះភ្លាម រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញនូវសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិ សូមមេត្តជ្រាបថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០០ៈ៣៥នាទី នេះ ឈ្មោះ កឹម សុខា ត្រូវបានចាប់ខ្លួន ដោយមន្រ្ដីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាមនីតិក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល សូមជម្រាបថា តាមរយៈឃ្លីបវីដេអូ ដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្ដាញ CBN ( Cambodian Broad​​casting Network) ដែលមានទីតាំងនៅប្រទេសអូស្ដ្រាលី និងភស្ដុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាល គឺបង្ហាញឲ្យឃើញច្បាស់អំពីផែនកាសម្ងាត់ នៃការឃុបឃិតគ្នា រវាងឈ្មោះ កឹម សុខា និងបក្ខពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិ នៃមាត្រា៤៤៣ (បទសន្និដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្ដីអំពើអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្ដីពីការប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ មាតិកាទី១ ស្ដីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្ដី​ពី​បទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ វីដេអូខាងលើនេះ ក៏កំពុងបន្តផ្សាយរហូតមកដល់សព្្វថ្ងៃនេះ។ បច្ចុប្បន្ន ឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ។

រាជរដ្ឋាភិបាល សូមអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បីចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

លោក កឹមសុខា និងក្រុមអង្គរក្សរបស់លោក ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមន្រ្តីសមត្ថកិច្ចបានសម្រុកចូល មកផ្ទះរបស់លោកទាំងរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ ក្រោយមានឃ្លីបវីដេអូមួយ កាលពីឆ្នាំ ២០១៤ ដែលផលិតឡើង ដោយប៉ុស្តិ៍ទូរទស្សន៍ អូស្ត្រាលី Cambodian Broadcasting Network (CBN) ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម Facebook ដែលនៅក្នុងវីដេអូនោះ លោកបានថ្លែងទទួលស្គាល់ថា លោកបានទទួលជំនួយពីសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ​របប នៅប្រទេសកម្ពុជា។

ព័ត៌មានជាបឋម គឺគេពុំទាន់ច្បាស់ ពីទីតាំងស្ថិតនៅរបស់លោក កឹម សុខា នៅនាពេលនេះទេ ប៉ុន្តែមន្រ្តីនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា តុលាការបានចេញបញ្ជាឲ្យបញ្ជូនមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ទៅកាន់ពន្ធនាគារត្រពាំងថ្លុង នៅខេត្តត្បូងឃ្មុំ។

អ្នកនាំពាក្យដដែល បានបន្តថា «យើងមិនអាចឲ្យគាត់រត់ទៅណាទេ គាត់បានយកលុយពីជនបរទេស ដើម្បីរៀបចំ និងធ្វើតាមបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល… លោកមិនបានប្រើពាក្យថា «បោះឆ្នោត» តែលោកបាននិយាយថា «ផ្លាស់ប្តូរ» និង «ទម្លាក់»។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមួយ កាលពីយប់មិញ ក៏បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានឃាត់ខ្លួនពីបទ «ឃុបឃិតជាមួយនឹងអំណាចបរទេស» ដែលមានចែងទោសក្រោមមាត្រា ៤៤៣ ដែលអាចនាំមកនូវការផ្តន្ទាទោសឲ្យ ជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។

សេចក្តីថ្លែងការណ៍នេះបន្តថា៖ «ការឃុបឃិតខាងលើនេះ គឺជាអំពើក្បត់ជាតិ… គឺបានបង្ហាញយ៉ាងច្បាស់ពីផែនការសម្ងាត់ ឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។

ការចាប់ខ្លួននេះត្រូបានធ្វើឡើង បន្ទាប់ពីមានការលើកឡើង ដោយមិនមានភស្តុតាងមួយចំនួន របស់អ្នកប្រើបណ្តាញសង្គម Facebook ឈ្មោះ «កូនខ្មែរ» បង្ហោះអស់រយៈពេលជាច្រើនសប្តាហ៍ និងត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Fresh News ដែលបានលើកឡើងពីការលូកដៃចូលរបស់អំណាចបរទេស តាមរយៈបណ្តាអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។

កាលពីពេលថ្មីនេះ អ្នកប្រើប្រាស់ Facebook រូបនេះ បានថ្លែងរិះគន់គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ថា ត្រូវបានបណ្តុះបណ្តាល ដោយក្រុមជនបរទេស ឲ្យជំនួសរដ្ឋាភិបាល ដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា។

គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះការចាប់ខ្លួនមេដឹកនាំរបស់ខ្លូន ហើយទាមទារឲ្យដោះលែងលោក កឹម សុខា ដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់។

លោក ឡុង បុតា តំណាងរាស្រ្តគណបក្សប្រឆាំង បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុះ ដើម្បីបង្ការនូវការធ្វើបាតុកម្មទ្រង់ទ្រាយធំណាមួយ ប្រសិនជាលោកត្រូវបានឃុំខ្លួន នៅរាជធានីភ្នំពេញ។

លោកបន្ថែមថា ការថ្លែងរបស់លោកកឹម សុខា នៅឯប្រទេសអូស្រ្តាលី ត្រូវបានបកស្រាយភាគច្រើន នៅក្នុងស្ថាប័នព័ត៌មានក្នុងស្រុកដែលរណបនឹងរដ្ឋាភិបាល ក្នុងអត្ថន័យដែលលោក កឹម សុខា គឺជាចារបុរសមួយ ដែលព្យាយាមធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល។

លោកថ្លែងថា៖ «ថាតើ CPP នឹងរំលាយគណបក្ស[ប្រឆាំង] ដែរឬអត់? នោះ ខ្ញុំមិនអាចស្រមៃបានទេ។ ប្រហែល ពួកគេនឹងព្យាយាមប្រមូលនូវសក្ខីកម្ម ឬឯកសារទាំងឡាយ ដូច្នេះពួកគេអាចចាប់ខ្លួនមេដឹកនាំ [បក្សប្រឆាំង] ទាំងអស់បាន»។

លោក John Sifton មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានហៅការចាប់ខ្លួននេះថា ជា «ការដើរថយក្រោយមួយ នៃស្ថានការណ៍សិទ្ធិមនុស្សរបស់កម្ពុជា» ហើយលោកបានថ្លែងទៀតថា មកដល់ពេលដែលសហគមន៍អន្តរជាតិ នឹង«កត់សម្គាល់» មក​​លើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ។

លោកនិយាយថា៖«សហគមន៍អន្តរជាតិ ដែលផ្តល់ភាគច្រើននៃថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាល គួរតែដាក់សម្ពាធលើលោក ហ៊ុន សែន ថា ប្រសិនជាលោកមិនកែប្រែស្ថានការណ៍នោះទេ វាពិតជាទៅ មិនរួចនោះឡើយ ក្នុងការពិចារណា ការបោះ​ឆ្នោត​នៅឆ្នាំក្រោយថា ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ»។

ផ្ទុយពីនេះ លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោក ហ៊ុន សែនម្នាក់ បានហៅលោក កឹម សុខា ដែលបង្ហោះលើតាមបណ្តាញសង្គម Facebook របស់លោកថា ជាជនក្បត់ជាតិ។ លោកបានសរសេរថា៖« កឹមសុខា ក្បត់កម្ពុជាហើយ។ គាត់បានសារភាពថា ខ្លួនមានផែនការ ក្នុងរយៈពេលវែងជាមួយនឹងសហរដ្ឋអាមេរិក… ដោយសារតែគាត់ យើងបានដឹងហើយថា នរណាគឺជាបាតដៃទីបី»។

ដោយឡែក ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រជិត ៤០០០នាក់ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០១៧នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅបរទេសទាំងឡាយ មិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រាប់ទៅបក្សប្រឆាំង ឲ្យពិនិត្យមើលពាក្យសម្បថរបស់ខ្លួនឯង ដែលចូលស្បថនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះមហាក្សត្រ ចំពោះឆ្វេតឆត្រ ចំពោះព្រះសង្ឃរាជទាំង២គណៈ គឺសុទ្ធតែបញ្ជាក់បង្ហាញមិនឲ្យពួកបរទេសមកបង្គាប់បញ្ជាគោលនយោបាយទាំងក្នុង និងក្រៅប្រទេស។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រឆាំង គឺខុសហើយ ដោយសារតែបុគ្គលរូបនេះ ស្ដាប់បង្គាប់បរទេស ធ្វើតាមបរទេស និងបម្រើបរទេសយ៉ាងដាច់ខាត តើស្មារតីជាតិនិយមនៅកន្លែងណា បានទៅជាអំពាវនាវឲ្យគេមកជាន់ឈ្លី អធិបតេយ្យរបស់យើងបែបនេះ ដូច្នេះការចាប់ខ្លួនត្រូវធ្វើ ភ្លាមអត់មានបង្អង់ទេ។

ដោយឡែក កញ្ញា កឹម មនោ​វិទ្យា សរសេរនៅលើហ្វេសប៊ុករបស់នាង​យ៉ាងនេះ​ថា​៖ «​យើង​នៅតែ​មិនទាន់​ដឹងថា ពេលនេះ​ឯកឧត្តម កឹម សុខា នៅទីណា​។ គាត់​ប្រហែល​អាច​កំពុង​នៅ​ភ្នំពេញ​ទេ​» ហើយនៅពេលនេះ ​កញ្ញា (មនោ​វិទ្យា) កំពុង​ស្វះ​ស្វែងរក​ទីកន្លែង​ដែល​សមត្ថ​កិច្ច​បញ្ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ ដើម្បី​ចង់​ជួប​មុខ​ឪពុក​ខ្លួន​។

​ទោះជាយ៉ាង មានការ​លើកឡើង​ពីរ​ផ្សេងគ្នា​ ជុំវិញ​ទីកន្លែង​ដែល​ឯកឧត្តម កឹម សុខា កំពុង​ស្ថិតនៅ​។ អ្នកខ្លះ​ថា ប្រធានគណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ និង​ខ្លះ​ទៀតថា ឯកឧត្តម កំពុង​ស្ថិត នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ លោក គៀត ចាន់ថា​រិ​ទ្ធ ក៏​មិនអាច​និយាយបានថា ពេលនេះ​ឯកឧត្តម កឹម សុខា កំពុងស្ថិត​នៅទីណា​នោះដែរ​។ លោក​គ្រាន់តែ​ប្រាប់​អ្នកសារព័ត៌មានដូច្នេះ​ថា​៖« ករណី​ឯកឧត្តម កឹម សុខា នាពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ ហើយ​វា​ជា​រឿង​ធំ ដែល​ខ្ញុំ​មិនអាច​ប្រាប់​បាន​ថា លោក​ស្ថិតនៅ​ត្បូងឃ្មុំ ឬ​ភ្នំពេញ​នោះ​ទេ»​៕