ខេត្តន្ទាយមានជ័យ៖ ទំនាស់ដីធ្លី រវាងសមាគមន៍អភិវឌ្ឍកសិកម្មជាតិ ជាមួយប្រជាពលរដ្ឋ រស់នៅជាកស្តែង លើដីទំហំ​១៧២ហិកតារ នៅក្រុងប៉ោយប៉ែត ត្រូវបានប្រជុំដោះស្រាយ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។

តំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ បានឲ្យដឹងថា ដីទំនាស់នោះ មានទំហំ១៧២ហិកតារ គឺជាដីរបស់សមាគមន៍អភិវឌ្ឍកសិកម្មជាតិ ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិ ហើយត្រូវបានប្តឹងផ្តល់គ្នា តាំងពីឆ្នាំ២០០០ រហូតដល់២០១៧នេះ មិនទាន់ដោះបញ្ចប់នៅឡើយ។

ដោយឡែកតំណាងរបស់ប្រជាពលរដ្ ឋបានបញ្ជាក់ថា ជាការពិតដីចំនួន១៧២ហិកតារនេះ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់ជាក់ស្តែង និងមានការដាំដុះជាអាស្រ័យផល ក្រោយពេលបញ្ចប់សង្គ្រាម។ ប៉ុន្តែដីទាំងនេះត្រូវបានសមាគមន៍អភិវឌ្ឍន៍​កសិកម្មជាតិរំលោភយកដីរបស់ប្រជាពលរដ្ឋ ទើបពួកគាត់បានប្តឹង មិនតិចជាង១០ឆ្នាំមកហើយ ដោយដោះស្រាយមិនចេញ ទុករហូតមកដល់ពេលនេះ។ ដូច្នេះពួកគាត់សុំឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្ត និងស្រុក-ក្រុង ជួយដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបានជាកម្មសិទ្ធិ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទៅកាន់ភាគីទាំង២ ដែលបានប្តឹងផ្តល់គ្នាថា ជាការពិត ទំនាស់ដីធ្លីច្រើនជាងគេ ដែលគណៈកម្មការដោះស្រាយវិវាទដីធ្លី ទទួលយកមកដោះស្រាយ គឺនៅក្រុងប៉ោយប៉ែតតែម្តង។តាមការស្តាប់សេចក្តីរាយការណ៍ និងការរៀបរាប់ទាំង២ភាគី គឺដីនេះមានទំនាស់នឹងគ្នាជាង១០ឆ្នាំមកហើយ ប៉ុន្តែនៅតែដោះស្រាយមិនចេញ។

លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានឆ្លៀងយកឱកាសនេះ សំណូមពរដល់ខាងតំណាងសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋថា ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅរកការបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបាន លុះត្រាតែភាគីទាំង២​ មានការយោគយល់ និងអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនអាងខ្សែទុយោរៀងៗខ្លួន ទើបអាចបញ្ចប់។

លោក លី សារី បានបញ្ជាក់ថា ការដោះស្រាយទំនាស់ មិនម៉ែនមួយថ្ងៃអាចដោះស្រាយបញ្ចប់បានទេ សំខាន់ត្រូវមានមន្ត្រីជំនាញចុះទៅសិក្សាស្រាវជ្រាវ ថាតើនរណាជាអ្នករំលោភយក? ដីរបស់អ្នកណាឲ្យបានច្បាស់ ទើបស្វែងរកដំណោះស្រាយបាន នឹងបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបាន៕