ភ្នំពេញ៖ ជនសង្ស័យ​មួយក្រុម បាន​វាយ​ជន​រង​គ្រោះ ប្លន់យកម៉ូតូ ក៏អស់លក្ខណ៍ ត្រូវសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរដ្ឋ​បាល​ស្វាយប៉ាក​ ​ ស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៧​ នៅតាមផ្លូវ​បេតុង​ ស្ថិតក្នុងក្រុមទី​២​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

មន្ត្រី​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ស្វាយប៉ាក​ បានឲ្យដឹង​ថា​ ជន​រង​គ្រោះជាម្ចាស់ម៉ូតូ ​ឈ្មោះ​ វង្ស​ សុ​ភី​ ហៅ​ហ្វុ​ង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ ក្រុម​ទី​៥​ ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​​។​ រីឯ​ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ​ទី​១-​ឈ្មោះ​ អ៊ុយ​ បូ​រិ​ន្ទ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​លេខ​២០៦D​ ផ្លូវ​បេ​តុង​ ក្រុម​ទី២​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ និងទី​២-​ឈ្មោះ​ ស៊ឹ​ម​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ក្រុម​​ទី១​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ។ ក្រៅពីឃាត់ខ្លួនជសង័្សយទាំង២នាក់ខាងលើនេះ សមត្ថកិច្ចក៏ដកហូត​បានម៉ូតូ​​របស់​ជន​រង​គ្រោះ​ ម៉ាក​ហុងដា​ឌ្រីម សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AE-7045 មកវិញ និង​ដែក​ចុង​ស្រួច​១​ដើម​។​

​ប្រភពព័ត៌មាន​ដដែល​ បានបន្ត​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់ បានប្រើល្បិចហៅជន​រង​គ្រោះ ឲ្យ​ឌុ​ប​ពួក​គេ​យក​ម៉ូ​ទ័​រ​ទៅ​លក់​ នៅ​ម្ដុំ​ប្រឡាយ​ភ្លោះ ​នៅ​សង្កាត់​ស្វាយប៉ាក​ ក្នុង​តម្លៃ​ឈ្នួល​១​ម៉ឺន​រៀល។​ លុះ​ពេលជនរងគ្រោះដឹកពួកគេត្រឡប់​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែជនសង្ស័យ​​យក​ដែក​ចុង​ស្រួច​ភ្ជង​កជនរងគ្រោះ​ គំរាមសម្លាប់​ និង​វាយ​ក្បាល​ជន​រង​គ្រោះ​ ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។​

ក្រោយពេលកើតហេតុ ​ជន​រង​គ្រោះ​បាន​មក​ដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍​នគរបាល​​រដ្ឋបាល​ស្វាយប៉ាក​ ទើប​នគរបាល​ប៉ុស្តិ៍​​បញ្ជូន​ព័ត៌មាន​ទៅ​កម្លាំង​ល្បាត​របស់​ខណ្ឌ និងបណ្ដា​ប៉ុស្តិ៍​ផ្សេងៗ​ ​ដើម្បីសុំ​អន្តរាគមន៍។ លុះរយៈពេល​៣០​នាទី​ក្រោយមក​ សមត្ថកិច្ចក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ​ អ៊ុយ​ បូ​រិ​ន្ទ​ និង​ឈាន​ទៅ​ដល់ការ​ឃាត់​​ជនសង្ស័យ​ម្នាក់​ទៀត​ ឈ្មោះ​ ស៊ឹ​ម​ រ៉ា​វី​ រួម​នឹង​វត្ថុ​តាង​​ខាងលើ​ រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចាត់ការ​តាម​នីតិវិធី​៕