កាលពីប៉ុន្មានថ្ងៃមុន មានព័ត៌មានចុះផ្សាយ រឿងប្តីប្រពន្ធ១គូរ បានរុះរើផ្ទះរបស់ខ្លួនចោល ដែលបានរស់នៅ ជាង១០ឆ្នាំមកហើយនោះ ដោយសារតែពួកគេ ជឿស៊ុបខ្លាំង លើគ្រូចូលរូបប្រាប់ថា ផ្ទះរបស់គាត់សាងសង់ នៅលើដើមឈើទាល និងមាននាគរាជ២ នៅខាងក្រោមផ្ទះគាត់ផងដែរ ដែលជាហេតុបណ្តាល ឲ្យកូនរបស់គាត់ឈឺធ្ងន់ ។

ក្រោយពីជឿតាមពាក្យគ្រូ ប្តីប្រពន្ធទាំង២នាក់ បានរុះរើផ្ទះចេញ ហើយជួលគ្រឿងចក្រអេស្កាវ៉ាទ័រ មកជីកកកាយខាងក្រោមផ្ទះ ដើម្បីស្វែងរកដើមឈើទាល និងនាគរាជនោះ តែទីបំផុតមិនឃើញអ្វីទាំងអស់ សូម្បីតែស្រមោលដើមឈើ ហើយគ្រូចូលរូបនោះ ក៏បានគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតមានរឿងនេះរួចមក ក្រុមអ្នកសារព័ត៌មាន បានចុះទៅជួបម្ចាស់ផ្ទះផ្ទាល់ ព្រមទាំងលោកអភិបាលស្រុក រួមទាំងលោកមេធាវីស្ម័គ្រចិត្ត បានទៅសួរសុខទុក្ខប្តីប្រពន្ធទាំង២នាក់ ក្រោយពីបានឮថា គ្រូចូលរូបរត់គេចខ្លួនបាត់ ដោយមិនមាននរណាទទួលខុសត្រូវ ក្រោយពីពួកគាត់សម្រេចចិត្ត រុះរើផ្ទះដែលរស់នៅរាល់ថ្ងៃ ជីកកកាយរកដើមឈើទាល និងនាគរាជ ។

ក្រោយពីការរងចាំមើល ពីប្រជាពលរដ្ឋជាច្រើន ក្នុងការជីកដីកាន់តែជ្រៅ តែមិនឃើញមានដើមឈើ តាមអ្វីដែលគ្រូចូលរូបនោះ បាននិយាយនោះឡើយ ធ្វើឲ្យប្រជាជននិងម្ចាស់ផ្ទះ មានការខឹងសម្បារ និងគ្រូចូលរូបនោះយ៉ាងខ្លាំង ទីបំផុតទីលំនៅក៏អស់ កូនប្រុសនៅតែឈើ លុយក៏ឲ្យទៅគ្រូចូលរូបនោះ ចំណែកគ្រូចូលរូប ដឹងថាមិនស្រួល ក៏ដាក់មេប៉្រូចបាត់ស្រមោល ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែជឿជាក់លើគ្រូនោះពេក ធ្វើឲ្យរូបគាត់អស់ទ្រព្យសម្បត្តិ រលីងពីខ្លួន ពេលនោះគាត់បានទៅសុំផ្ទះឪពុកក្មេក ដើម្បីស្នាក់អាស្រ័យជាបណ្តោះអាសន្ន ហើយមិនដឹងពេលណា ទើបគាត់មានលុយ សង់ផ្ទះថ្មីបាននោះឡើយ ។

ខណៈពេលនោះផងដែរ លោកអភិបាលស្រុក និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានចូលរួមជាលុយកាក់ម្នាក់បន្តិចបន្តួច ឲ្យពួកគាត់សាងសង់ផ្ទះតូចមួយ សម្រាប់ស្នាក់នៅផងដែរ ។

ចំណែកខាងមេធាវីវិញ បានណែនាំឲ្យប្តីប្រពន្ធរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដោយប្តឹងបុរសជាគ្រូចូលរូប រូបនោះពីបទ ឆបោកបញ្ឆោតអ្នកដទៃ ដោយយកទ្រព្យសម្បត្តិ និងធ្វើឲ្យអ្នកដទៃខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយបានរុះរើផ្ទះចាស់ ដើម្បីស្វែងរកដើមឈើទាល និងនាគរាជទាំង២ នោះផងដែរ ។

សម្រាប់ករណីខាងលើនេះ ខាងប៉ូលិសមិនអាចប្តឹង បុរសចូលរូបនោះបានទេ ហើយក៏គ្មានសិទ្ធិទៅចាប់ខ្លួនគ្រូនោះ ដោយគ្មានពាក្យបណ្តឹងពីភាគីរងគ្រោះនោះឡើយ ហើយប៉ូលិសបានណែនាំទៅកាន់ ប្រជាជនទាំងអស់គួរតែពិចារណា ទៅលើការជឿ ដោយគ្មានហេតុផលច្បាស់លាស់ នាំឲ្យជួបគ្រោះកាន់តែធ្ងន់ដល់ខ្លួនឯង ៕

=========================

រំលឹករឿងរ៉ាវឡើងវិញ៖

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកកាសែត បានទទួលសេចក្តីរាយការណ៍មកថា មានម្ចាស់ផ្ទះមួយខ្នង បានរុះរើផ្ទះរបស់ខ្លួនឯងចេញ ព្រមទាំងយកគ្រឿងចក្រមកជីកកាយដី ក្រោមផ្ទះរបស់ខ្លួន រកនាគរាជ និងដើមឈើទាល២ដើម ក្រោយពីកូនរបស់ពួកគេ បានធ្លាក់ខ្លួនឈឺ ហើយបានជាសះស្បើយវិញ ក្រោយពីម្ចាស់ផ្ទះ រកគ្រូមើល។

ខណៈពេលដែលពួកគេ កំពុងបញ្ចូលគ្រូ គ្រូបានប្រាប់ថា មានដើមឈើទាល២ដើម និងនាគរាជគង់ និងស្ថិតនៅក្រោមផ្ទះរបស់ពួកគេ។ ស្រាប់តែមិនយូរប៉ុន្មាន ម្ចាស់ផ្ទះក៏បានរុះរើផ្ទះនោះចេញ ដោយយកគ្រឿងចក្រអាស្កាវ៉ាទ័រ មកជីកដីក្រោមផ្ទះរហូតដល់ ជំរៅ៨ម៉ែត្រនៅតែមិនទាន់ បានឃើញដើមឈើទាល និងនាគរាជដូចគ្រូបាននិយាយនោះឡើយ ។

ខណៈពេលនោះដែរ ក្រុមប្រជាជនក្នុងភូមិ បាននាំគ្នាផ្អើលឈូរឆ មកមើលនិងសុំលេខឆ្នោត ពិសេសបាននាំគ្នាហែរហមផ្ទះនោះ យ៉ាងគគ្រឹកគគ្រេងបំផុត ហើយលេខឆ្នោតដែលអ្នកភូមិ នាំគ្នាសន្មត់នោះ ទំនងជាលេខ២៤ ដែលជាចំណុចដើមឈើទាល ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅផ្ទះលេខ៥១១ ភូមិណងស៊ីផៃវ័ត ឃុំវាំងតាបែក ស្រុកក្រាមក្រាតាយ ខេត្តកាំផែងផេត ប្រទេសថៃ ដែលជាផ្ទះរបស់លោក ចាំរួន មុខតា អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ផង់ប៉ិង អាយុ៤០ឆ្នាំ ហើយពួកគេទាំង២នាក់ប្តីប្រពន្ធ បានប្រឹក្សាគ្នា និងសម្រេចជួលគ្រឿងចក្រកាយដី មកជីកក្រោមផ្ទះរបស់ខ្លួន ដើម្បីរកដើមឈើទាល និងនាគរាជ ដែលគ្រូបានប្រាប់។

ផ្ទះដែលពួកគេទាំង២នាក់ប្តីប្រពន្ធ សម្រេចរុះរើចេញនោះ បានសាងសង់អស់ប្រាក់ជាង ២សែនបាត ហើយរស់នៅរយៈពេលជាង១០ឆ្នាំមកហើយ ។ ហើយពេលរុះរើផ្ទះនោះ ក៏មានពិធីបួងសួងថ្វាយក្បាលជ្រូក និងម្ហូបអាហារ មាន់ស្ងោរជាច្រើន ។ ចំណែកផ្ទះរបស់ពួកគេ ត្រូវបានគ្រឿងចក្រ វាយកំទេចរាបដល់ដី សល់តែដីទំនេរប៉ុណ្ណោះ លុះជីកដីបានជំរៅ ៨ម៉ែត្រ និងទទឹង៨ម៉ែត្ររួចហើយនោះ ទើបពួកគេឈប់សម្រាក និងផ្អាកការជីកដីនោះសិន រង់ចាំថ្ងៃស្អែកឡើង អញ្ជើញលោកគ្រូបញ្ចូលមកពីក្រុងបាងកក ដើម្បីពិភាក្សា និងធ្វើពិធីស្វែងរកនាគរាជ និងដើមឈើទាល ។

បើតាមការរៀបរាប់ របស់បុរសម្ចាស់ផ្ទះ បានឲ្យដឹងថា កូនប្រុសរបស់គាត់ អាយុ២២ឆ្នាំ មានជំងឺឈឺរ៉ាំរ៉ៃ ជាច្រើនខែមកហើយ ហើយក្រោយពីបានរុះរើផ្ទះចេញ និងធ្វើពិធីសែនបួងសួងដល់ នាគរាជ និងដើមឈើទាលរួចមក គាត់បានឃើញអាការៈ របស់កូនប្រុសគាត់ ធូរស្រាលច្រើន។

ទោះជាយ៉ាងណាក៏ដោយ ពិធីដែលបុរសម្ចាស់ផ្ទះធ្វើនេះ បានផ្អើលដល់អ្នកភូមិ ភ្លូកទឹកភ្លូកដីនាំគ្នា មកសុំលេខឆ្នោតយ៉ាងច្រើន ហើយក៏ជាឱកាសរកលុយ របស់អ្នកលក់ឆ្នោតផងដែរ គឺបានយកឆ្នោតមកលក់ ដល់កន្លែងធ្វើពិធីតែម្តង ៕

ប្រភព៖ សារព័ត៌មានថៃ ខោស៊ុត