ខេត្តកណ្ដាល៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿន ឡើងជែងនឹងរថយន្ត តែវ៉ាមិនផុតក៏ទាក់ដៃចង្កូតដួលចូលក្រោម​កង់រថយន្ត កិនខ្ទេចម៉ូតូ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ២១ ស្ថិតក្នុងភូមិកោះគរ ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្ដាំ PP.1953 បើកបរដោយឈ្មោះ ជា ភណ្ឌ័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ មានលំនៅក្នុងភូមិបាធាយ ឃុំបាធាយស្រុកបាធាយ ខេត្តកំពង់ចាម។ រីឯម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4302 បើកបរដោយឈ្មោះ ឡុង សេងលាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នុងភូមិព្រែករុន ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្តខាងលើ បើកបរតាមបណ្ដោយ​ផ្លូវជាតិលេខ២១A ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលរថយន្តបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកជិះម៉ូតូបាន​បន្ថែម​ល្បឿនឡើងវ៉ារថយន្តខាងលើ បណ្តាលឲ្យប៉ះដៃចង្កូចម៉ូតូជាមួយនឹងរថយន្ត ដួលម៉ូតូចូលក្រោម​កង់រថយន្ត កិនខ្ទេចម៉ូតូ បណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តបានរត់គេចខ្លួន តែត្រូវនគរបាលប៉ុស្ដិ៍​រកា និងនគរបាលចរាចរស្រុកស្អាង សហការជាមួយនងនគរបាលក្រុងតាខ្មៅដេញចាប់បានទាំងរថយន្តបង្ក និងអ្នកបើកបរ។


អ្នកបើករថយន្តបង្ក និងជនរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ

ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះរបស់ស្នងការដ្ផាននគរបាលខេត្តកណ្តាល ឲ្យមក​ដឹក​ជនរងគ្រោះ បញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ដោយឡែករថយន្ត និងអ្នកបើកបរត្រូវសមត្ថកិច្ច នាំទៅកាន់​អធិការ​ដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់៕ សហការី KBN