ភ្នំពេញ៖ កម្លាំងល្បាតនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក គង់ សុភារិទ្ធ អធិការរងខណ្ឌដូន​ពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ រួមនឹងថ្នាំញៀន ចំនួន​ ៨កញ្ចប់តូច ​កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងនៅចំណុចប្លុកបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យទី១មានឈ្មោះ អុក ដារិន ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានថ្នាំញៀនបានចំនួន ១កញ្ចប់
តូច ទី២មានឈ្មោះ ណន ឡុច ភេទប្រុស អាយុ ២៩ឆ្នាំ ​មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

​លោកគង់ សុភារិទ្ធ អធិការរងខណ្ឌដូនពេញបានឱ្យដឹងថា ​គាត់បានដឹកនាំកម្លាំងល្បាតដើម្បីចេញទប់ស្កាត់ រាល់បទល្មើសកុំឱ្យកើតមាននៅក្នុងមូលដ្ឋាន ខណៈពេលល្បាតមកដល់តំបន់ស្មុកស្មាញប្លុកបឹងកក់ សម្បូរទៅដោយអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀន ជាក់ស្តែងសង្ស័យបុរស ២នាក់ កំពុងតែដើរ ក៏គាត់បានហៅឱ្យឈប់ ប៉ុន្តែជនសង្ស័យ​ពេលដែលឃើញសមត្ថកិច្ចភ្លាម ​ម្នាក់ឈ្មោះ អុក ដារិន បានបោះចោលថ្នាំញៀន នៅក្នុងផើងផ្កា ។

ពេលសមត្ថកិច្ចដើររកឃើញថ្នាំញៀននៅលើផើងផ្កាចំនួន ១កញ្ចប់តូច ស្រាប់តែម្នាក់ទៀត ឈ្មោះ ណន ឡុច បានបោះចោលថ្នាំនៅក្នុងប្រអប់ស្ករគ្រាប់ចំនួន ៧កញ្ចប់តូច ហើយជាក់ស្តែង ក៏ឃាត់ជនសង្ស័យទាំង ២នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
សហការី KBN