ភ្នំពេញ៖ បុរសម្នាក់ ចេញពីធ្វើការជិះម៉ូតូមួយគ្រឿងមានគ្នា ៣នាក់ ក្នុងនោះមានស្រីម្នាក់ ស្រាប់តែត្រូវជនដៃដល់មួយក្រុម បាន​ដេញតាមគប់ដុំថ្ម បណ្តាលឱ្យបែកក្បាលម្នាក់ ដែលហេតុការនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៦និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ព្រៃរំចេកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ ។

ជនរងគ្រោះមានឈ្មោះ សឹង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករកាត់ដេររោងចក្រ ស្នាក់នៅភូមិម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ​បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ ខ្លួនបានចេញពីធ្វើការរោងចក្រ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ​ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI-2816 ជិះគ្នា ៣នាក់ប្រុស ២នាក់ និងស្រ្តីម្នាក់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។

ខណៈ​មកដល់ដីទួល ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវ បានចេញមកស្ទាក់ ហើយយកដុំថ្ម ២ដុំទៅ៣ដុំ គប់មកលើជនរងគ្រោះម្នាក់ ដែលអង្គុយខាងក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាម ហើយជនបង្កបាននាំគ្នាគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះបានស្គាល់មុខជនដៃដល់ជា​ក្រុមក្មេងស្ទាវចំនួន ២នាក់ ចំណែកឯម្នាក់ទៀត មិនបានស្គាល់​ឡើយ ហើយជនដៃដល់ធ្លាប់ស្គាល់ស្រ្តីម្នាក់ ដែលជិះជាមួយជនរងគ្រោះនោះ ដោយធ្វើការជាមួយគ្នា និងធ្លាប់និយាយគ្នាលេងកន្លងមក ហើយប្រហែលជនដៃដល់ប្រចណ្ឌឃើញ ស្រ្តីខាងលើជិះម៉ូតូជាមួយជនរងគ្រោះ ទើបជនដៃដល់យកដុំថ្មគប់បែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ជនដៃដល់គេច​ខ្លួនទៅបាត់អស់ហើយ ​ក៏បានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ និងឱ្យសមត្ថកិច្ចស្រាវជ្រាវ រកជនក្មេងស្ទាវជនដៃដល់ចាត់ការតាមច្បាប់ ៕ សហការី KBN