ភ្នំពេញ៖ យុវជន​មួួយក្រុមមានគ្នា ៤នាក់ ​បានជិះម៉ូតូ​ចេញពីផ្ទះដើរលេងនៅតាមផ្លូវ​ លុះជិះ​ដល់​ពាក់កណ្តាលផ្លូវ​ ស្រាប់តែត្រូវ​បានជនមួយ​ក្រុមទៀត​មានគ្នា ​​៥ទៅ៦នាក់​ បាន​ជិះម៉ូតូ​ដេញ​តាម​វាយ ធ្វើ​ឱ្យ​​រងរបួស​ធ្ងន់ម្នាក់ ​និងស្រាល ៣នាក់​ ដែលហេតុការ​នេះបានកើតឡើងនៅ​វេលាម៉ោង​២រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៤ ​ខែសីហា​ ឆ្នាំ​២០១៧​ នៅជិតស្តុបផ្សារដើមគ​ ផ្លូវ​ព្រះមុនីរ៉េត​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ។

​​ជនរងគ្រោះដែលរងរបួសធ្ងន់​មានឈ្មោះ​ បុត្រ​ មុនីកវី​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរ​ សិស្ស​ ស្នាក់នៅក្រោយផ្សារស្ទឹងមានជ័យថ្មី​ សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ ចំនែក​អ្នករងរបួសស្រាល​ ​មិនបានឱ្យដឹងឈ្មោះនោះទេ​ ។

តាម​សម្តី​ជនរងគ្រោះ​ដែល​រងរបួស​ស្រាល​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ ពួកគេ​មានគ្នា ​៤នាក់​ បានជិះ​ម៉ូតូ​ ម៉ាក ​CITI plus ពណ៌ក្រហម​ អត់មានស្លាកលេខ​ គោលបំណង​ដើរលេងតាមដងផ្លូវ​ព្រះមុន្នីរ៉េត​ ក្នុ​ងទិសដៅ​ពីលិចទៅកើត​ ​។

ខណៈពេលនោះ​ ស្រាប់តែ​មាន​ ជនបង្ក ​៥ទៅ៦នាក់​ បានជិះម៉ូតូ​ ៣គ្រឿង​ មានម៉ាក​និច​ និងម៉ាកហុងដាឌ្រីម​ និងមួយ​គ្រឿងទៀត​មិនចាំម៉ាក​ ហើយម្នាក់ៗ ​បានកាន់ដុំថ្ម​ និងមួក​សុវត្តិភាព​ បានជិះម៉ូតូធ្វើសកម្មភាព​ ដេញវាយ​ពួកគេ​ ធ្វើឱ្យពួកគេ​ភ័យពេក​ បានជិះម៉ូតូ​ចូលទៅ​កន្លែង​ លក់មីឆា​ និងគុយទាវ ​ឱ្យគេជួយ​ តែពេលនោះ​ ក្រុមជនទាំង​នោះ ​បានដេញវាយ​ពួកគេដល់កន្លែង​លក់មីឆា​ថែមទៀត​ បណ្តាល​ឱ្យ​មិត្ត​ភក្ត័គេម្នាក់​រងរបួស​ ចុកឆ្អល់ដួលនៅកន្លែង​ ចំនែក​ពួកគេ ៣នាក់ ​អត់មានរងរបួសនោះទេ​ ដោយសារគេចខ្លួនរួច​ ។

​​ប្រភពដដែល​បានបន្ត​ទៀតថា​ បន្ទាប់ពីវាយពួកគេរួចហើយ ​ពួក​ក្រុមជន​បង្ក​​ បាននាំ​ជិះម៉ូតូ​រត់គេ​ខ្លួន​បាត់ស្រមោល​អស់ទៅ​ ។
​​ក្រោយពេលកើតហេតុ​ ឃើញ​សមត្ថកិច្ច​ចុះទៅ​កន្លែង​ រួចហើយបាន​សាកសួរ​ ពីដំណើររឿង​ រួចហើយក៏បានឱ្យជនរងគ្រោះ​ ទៅដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​បឹងសាឡាង ​​ពីព្រោះជនរងគ្រោះ​បានស្គាល់មុខជនបង្ក​ ៕ សហការី KBN