ខេត្តកណ្ដាល៖ ស្ត្រីវ័យចំណាស់ម្នាក់កើតជំងឺទាចទឹក(ក្រិនថ្លើម) អត់លុយព្យាបាល បានដាច់ចិត្តចូលលួចទូរស័ព្ទ តែម្ចាស់ឃើញ​ទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​​។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាយ ហ៊ី ភេទស្រី អាយុ៣៤ឆ្នាំ​​ ជនជាតិខ្មែរ មុខរបរជាងកាត់​ដេរ មានលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។ រីឯជនសង្ស័យដែលសមត្ថកិច្ចឃាត់​ខ្លួន ឈ្មោះ យោគ យ៉ម ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែអ៊ិស្លាម មានស្រុកកំណើតនៅភូមិចាមក្រោម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។

មន្ត្រីនគរបាលដដែល​បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទ​ចំនួនពីរគ្រឿង នៅលើតុមុខទូរទស្សន៍ខាងក្រៅបន្ទប់ រួចហើយក៏ចូលទៅដេកនៅក្នុងបន្ទប់។ នៅពេលនោះ ជនសង្ស័យដើរចូលតាមទ្វារផ្ទះបាយ ចូលទៅទូរស័ព្ទនោះ ប៉ុន្តែវម្ចាស់ឃើញទាន់ ក៏ស្រែក​ផ្អើលឆោឡោ ដឹងដល់អ្នកភូមិនាំគ្នាព័ទ្ធចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានសារភាពប្រាប់​សមត្ថកិច្ចថា គាត់ពិតជាបានចូលក្នុងផ្ទះ​របស់ជនរងគ្រោះ​ ក្នងបំណង​លួចយកទូរស័ព្ទទាំងនោះប្រាកដមែន។ ការដែលគាត់ធ្វើបែបនេះ ក៏ដោយសារតែគាត់​គ្មានលុយព្យាបាលជំងឺទាចទឹក(ក្រិនថ្លើម​)ហើយពីមុនមកក៏គាត់​មិនធ្លាប់ធ្វើ​បែបនេះ​ទេ។

ក្រោយពេលសាកសួរជាជំហានដំបូងនៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលរួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់អធិ​ការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់បន្តតាមនីតិវិធី៕ សហការី KBN