ខេត្តកំពង់ឆ្នាំង៖ ឃាតករដៃឆៅម្នាក់បានប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួនខ្លាំងពេក ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ វាយសម្លាប់នាង រួចទម្លាក់សាកសពនៅក្នុងអណ្ដូងទឹក ដើម្បីបំបិទ​ភស្ដុតាង ប៉ុន្តែពេលស្រឡាញ់កូនក្រមុំអ្នកភូមិ ក៏បែកការត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែសីហា នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង។

មន្ត្រីនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ជនសង្ស័យជាឃាតករដៃឆៅសម្លាប់ប្រពន្ធខ្លួនឯងនោះ ​ឈ្មោះ ជុច អេត អាយុ​៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយស្ដ្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ឯល គឹមសុីម អាយុ៤៤ឆ្នាំ។ ពួកគេទាំង២នាកប្ដីប្រពន្ធ រស់នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង។

មន្ត្រីនគរបាលដដែល បានបន្តថា គ្រួសារ​នេះ​មានការ​រកាំរកូស​នឹងគ្នាអស់រយៈពេល​ជា​យូរ​មកហើយ លុះមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ពួកគេទាំងពីរ​នាក់​ប្តី-ប្រពន្ធ​ជិះ​ម៉ូតូ​មកដល់ចំណុច​​ក្រោលគោ ស្ថិតក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ដើម្បី​វាស់ដី​ ហើយក៏​ទាស់សម្តី​គ្នា ស្រាប់តែបុរសជាប្តី​បាន​ច្រាន​ប្រពន្ធ​ ដួលបោក​ទៅលើ​ខ្នោះ​អណ្តូង​លូ បណ្ដាល​​ឲ្យ​បែក​ឈាម​តាម​មាត់សម្លាប់មួយរំពេច ។ បន្ទាប់មក ជនដៃដល់​បាន​លើក​ប្រពន្ធ​ទម្លាក់​ចូលក្នុង​អណ្តូងលូ រួច​ហើយ ​វាយខ្នោះ​អណ្តូង​សង្កត់ពីលើ​បន្ថែមទៀត ទើប​ត្រឡប់មក​ផ្ទះ​វិញ។

រូបថតកាលស្ដ្រីរងគ្រោះនៅរស់(រូបខាងលើ) និងអណ្ដូងទឹកដែលប្ដីវាយនាងទម្លាក់ (រូបខាងក្រោម)

មន្ត្រីនគរបាលដដែល បានបន្តថា រហូតមកដល់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ បុរស​ជា​ប្តី​បាន​ទៅប្តឹង​មេឃុំ​ថា ប្រពន្ធ​គាត់បានរ​ត់​បាត់​ ហើយ​គេសង្ស័យថា នាងរត់តាម​ប្រុស។ បន្ទាប់មកបុរស​ជា​ប្តី​បាន​ទៅ​ស្រឡាញ់​នារីម្នាក់ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា តែនាង​នោះ​បដិសេធថា មាន​ប្រពន្ធ​ហើយ​ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច។ ក្រោយពេល​លួងលោម​មិនបាន ជនដៃដល់ក៏បាន​សារភាពតាម​ត្រង់​ថា រូបគេ​បានសម្លាប់​ប្រពន្ធ​ចោល​ហើយ ទើប​បែកការ​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ ចុះ​ទៅ​ឃាត់ខ្លួន​។

ក្រោយពេលកើតមាននូវអំពើឃាតកម្មនោះមក សមត្ថកិច្ចនគរបាលជំនាញបានស្រាវជ្រាវអស់រយៈពេលជិត២ខែ ទម្រាំបំបែក​សំណុំរឿងដ៏អាថ៌កំបាំងនេះបាន ហើយក៏ចុះទៅឃាត់ខ្លួនឃាតករជាប្តី បញ្ជូនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង ដើម្បីចាត់​ការតាមច្បាប់៕ សហការី KBN